សន្និសីទថ្នាក់តំបន់ ស្តីអំពីការស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាភាសានៃបណ្តាប្រទេសអាស៊ាន
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ០៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋលេខាធិការ កាន ច័ន្ទមេត្តា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្រាវជ្រាវថ្នាក់តំបន់ ស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាភាសានៃបណ្តាប្រទេសអាស៊ាន។ សន្និសីទនេះរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT) ក្រោមការគាំទ្រដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងមានការអញ្ជើញចូលរួមពី វាគ្មិនជាអ្នកស្រាវជ្រាវ អ្នកជំនាញ ផ្នែកបច្ចេកវិទ្យាភាសា ទាំងក្នុងស្រុក និងអន្តរជាតិ តំណាងសកលវិទ្យាល័យ និងគ្រឹះស្ថានស្រាវជ្រាវ ក៏ដូចជាសិស្សនិស្សិតកម្ពុជាផងដែរ។
សន្និសីទនេះរៀបចំឡើងក្នុងគោលបំណងសំខាន់គឺ (១).បង្ហាញពីការរកឃើញ និងបច្ចេកវិទ្យាថ្មីៗទាក់ទង់នឹកការប្រើប្រាស់ភាសាក្នុងប្រព័ន្ធកុំព្យូទ័រជាពិសេសភាសា ដែលមានលក្ខណះស្មុគស្មាញ (complex script) និងមានការប្រើប្រាស់តិចតួចក្នុងប្រព័ន្ធ កុំព្យូទ័រដូចជាភាសាខ្មែរ ឡាវ និងភូមាជាដើម, (២).ផ្សព្វផ្សាយ និងបង្កើនការយល់ដឹងពីសារសំខាន់នៃការស្រាវជ្រាវលើបច្ចេកវិទ្យាភាសារជាពិសេសភាសាខ្មែរ , (៣).រួមចំណែកជំរុញលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាភាសាខ្មែរ , និង(៤).ភ្ជាប់ទំនាក់ទំនងរវាងអ្នកស្រាវជ្រាវក្នុងស្រុក និងអ្នកស្រាវជ្រាវអន្តរជាតិ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ កាន ច័ន្ទមេត្តា បានលើកឡើងថា បច្ចេកវិទ្យាភាសាមានសារៈសំខាន់ណាស់ ក្នុងការជួយសម្រួលដល់ការ ធ្វើការងារដូចជាការសរសេររបាយការណ៍ ការរក្សាទុកឯកសារ ការទំនាក់ទំនងរវាងមនុស្សនិងម៉ាស៊ីនកុំព្យូទ័រ ក៏ដូចជាការទទួលបានព័ត៌មានទូលំទូលាយ និងប្រសើរជាងមុន។ ហេតុដូច្នេះហើយទើបថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានគាំទ្រ និងផ្តល់ជាមូលនិធិសម្រាប់រៀបចំសន្និសីទស្រាវជ្រាវវិទ្យាសាស្ត្រនេះឡើង។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមជឿជាក់ថា បច្ចេកវិទ្យាភាសាខ្មែរ ដែលប្រើប្រាស់ក្នុងប្រព័ន្ធកុំព្យូទ័រ នឹងមានការរីកចម្រើនខ្លាំងនាពេលអនាគតដ៏ខ្លីខាងមុខ ប្រសិនបើយើងបន្ត កិច្ចសហការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យានេះរួមគ្នា៕