ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងមន្ត្រីរាជការស៊ីវិលឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ឆ្នាំ២០១៩ តាមប្រព័ន្ធកុំព្យូទ័រ
រាជធានីភ្នំពេញ៖ នាថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ឆ្នាំ២០១៩ ក្របខ័ណ្ឌ”ក” ចំនួន ៣០កន្លែង ដោយមានបេក្ខជនចូលរួមប្រឡងសរុប ៥១៦នាក់ លើជំនាញសំខាន់ៗចំនួន៣ផ្សេងគ្នា តាមប្រព័ន្ធកុំព្យូទ័រ គឺចំណេះដឹងទូទៅ ភាសាអង់គ្លេស និងព័ត៌មានវិទ្យា។
ក្នុងពេលបើកដំណើរការប្រឡង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងមន្ត្រីរាជការស៊ីវិលឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់ឆ្នាំ២០១៩ បានមានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំការប្រឡងប្រជែងតាមប្រព័ន្ធកុំព្យូទ័រ ទំនេីបបង្កេីនបានប្រសិទ្ធភាព គុណភាព និងតម្លាភាពក្នុងការជ្រើសរើសមន្ត្រីថ្មីប្រកបដោយសមត្ថភាពពិតប្រាកដ ដែលនឹងក្លាយទៅជាកម្លាំងជួយជំរុញការអភិវឌ្ឍជាតិ ជាពិសេសវិស័យបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន (ICT) ។ ការប្រឡងនេះជាបទពិសោធន៍ដ៏ល្អរមួយដោយបានប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ដែលមានតំណាងក្រសួងមុខងារសាធារណៈចូលរួមប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានក្រើនរំលឹកដល់បេក្ខជនទាំងអស់ឱ្យខិតខំធ្វើកិច្ចការប្រឡងរបស់ខ្លួន ឱ្យអស់ពីសមត្ថភាព ជាពិសេសត្រូវធ្វើបានគ្រប់មុខវិជ្ជា តាមវិញ្ញាសារ ដែលត្រូវបានដាក់ឱ្យប្រឡង បន្ថែមពីនេះទៀត ឯកឧត្តម បានជូនពរបេក្ខជនដែលចូលរួមប្រឡងថ្ងៃនេះឱ្យទទួលបានជោគជ័យនិងសំណាងល្អ៕