ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអន្តរក្រសួង ស្តីពីការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ០៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអន្តរក្រសួង ស្តីពីការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ បណ្តាអន្តរក្រសួង-ស្ថាប័ន ដែលពាក់ព័ន្ធផងដែរ។
នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា ការជំរុញបង្កើតរដ្ឋាភិបាលឌីជីថល គឺជាការប្រើប្រាស់មធ្យោបាយអេឡិកត្រូនិក ដើម្បីគ្រប់គ្រងប្រព័ន្ធការងារ និងមូលដ្ឋាននៃការផ្តល់សេវាអោយមានតម្លាភាព មានភាពងាយស្រួល លឿន និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋនិងអាជីវកម្មកាន់តែប្រសើរ ព្រមទាំងបង្កើនប្រសិទ្ធភាពការងាររាជរដ្ឋាភិបាល តាមរយៈការបង្កើតនិងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរួម វេទិកាឌីជីថលរួម សេវាកម្មឌីជីថលរួម ដោយឈរលើយន្តការ “បង្កើតម្តងប្រើបានគ្រប់កន្លែង” និងកម្មវិធីពង្រឹងសមត្ថភាពដល់គ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា បច្ចុប្បន្ន បើទោះបីជារាជរដ្ឋាភិបាល មិនទាន់មានគោលនយោបាយរដ្ឋាភិបាលឌីជីថល តម្រង់ផ្លូវសម្រាប់អនុវត្តន៍ក៏ដោយ តែបច្ចុប្បន្ន នៅតាមបណ្តាក្រសួង ស្ថាប័នរដ្ឋ និងអង្គភាពសាធារណៈមួយចំនួន បាននឹងកំពុងប្រើប្រាស់ប្រព័ន្ធអេឡិកត្រូនិក សម្រាប់គ្រប់គ្រងការងារតាមបែបឌីជីថល និងផ្តល់សេវារដ្ឋបាលរបស់ខ្លួនពីចំងាយជូនទៅដល់ប្រជាពលរដ្ឋ និងមានភាពងាយស្រួល។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការកសាងរដ្ឋាភិបាលឌីជីថលជាការងារមួយដ៏ធំដែលត្រូវមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់តាមរយៈការធ្វើគោលនយោបាយ យុទ្ធសាស្ត្រ ការកសាងច្បាប់លិខិតបទដ្ឋានគតិយុត្តិ ការរៀបចំស្ថាប័នគ្រប់គ្រង ការរៀបចំយុទ្ធសាស្ត្រហិរញ្ញវត្ថុ ការធ្វើផែនការតាមដំណាក់កាល ការអនុវត្តប្រព័ន្ធការងារកុំព្យូទ័រ និងការផ្តល់សេវាសាធារណៈដល់ប្រជាជន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើបទបង្ហាញជូនដល់អង្គប្រជុំ ដើម្បីបានយល់ដឹងកាន់តែច្បាស់លាស់ថែមទៀត អំពីការរៀបចំការងារដែលពាក់ព័ន្ធនឹងការបង្កើតរដ្ឋាភិបាលឌីជីថល និងបទពិសោធន៍ដែលប្រទេសមួយចំនួន ដែលឈានមុខគេលើវិស័យនេះ ដូចជាសាធារណរដ្ឋកូរ៉េ សឹង្ហបុរី និងអេស្តូនីជាដើម បានធ្វើក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលផងដែរ៕