ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​បាន​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ពិនិត្យ​ទីតាំង​ ​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើកឡើង​ក្នុង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​ ​កន្លងមក​ ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃ​ច័ន្ទ ​១​២​រោច​ ​ខែ​មិគសិរ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ជា​ ​មានិត​ ​រដ្ឋលេខាធិការ​និង​ជា​អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​បាន​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​ក្រុម​ការងារ​បច្ចេកទេស​ ​ចុះ​ពិនិត្យ​ទីតាំង​ ​សិក្សា​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំនួន​៤​ (​ឃុំ​ទួល​ខ្ពស់​ ​ឃុំ​ខ្លុង​ពពក​ ​ឃុំ​ចោ​ង​ម៉ោង​ ​និង​ឃុំ​អភិវឌ្ឍន៍​) ​ដោះស្រាយ​នូវ​បញ្ហា​នៅ​ក្នុង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លើក​ទី​៣​ ​កាលពី​ថ្ងៃ​ទី​០​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​បរិវេណ​សាលាស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដើម្បី​ត្រួតពិនិត្យ​ ​និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​ ​៤​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្រាប់​នីតិកាល​ទី​៦​ ​នៃ​រដ្ឋសភា​ ​ជាពិសេស​សម្រាប់​អនុវត្តន៍​គោល​នយោបាយ​ក្នុង​ការ​អភិវឌ្ឍ​ភូមិ​-​ឃុំ​ ​។​

​នៅ​ក្នុង​បេសកកម្ម​នេះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​មានប្រសាសន៍ថា​ ​ការ​ជួបជុំគ្នា​នា​ថ្ងៃនេះ​ ​គឺ​ក្នុង​គោលបំណង​ ​ដើម្បី​ដោះស្រាយ​នូវ​សំណូមពរ​ដែល​នៅ​សេសសល់​ ​នា​ពេល​កន្លងមក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើ​ឲ្យ​អង្គ​វេទិកា​សាធារណៈ​ ​ក៏ដូចជា​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ​នូវ​កង្វល់​ ​ការលំបាក​ ​និង​តម្រូវ​ការចាំបាច់​នានា​ ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ​ដែល​កំពុង​ជួបប្រទះ​ ​បាន​ទាន់ពេល​វេលា​។​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​បញ្ជាក់​ថា​ ​ក្រុម​ការងារ​ត្រូវ​ដឹកនាំ​ជំរុញ​ ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​មន្ទីរ​ ​អង្គភាព​ជំនាញ​នានា​ ​ឲ្យ​លើក​ក​ម្ពស់​ក្នុង​ការ​បំ​ពេញការ​ងារ​ស្របតាម​តួនាទី​ ​ភារកិច្ច​ ​និង​ការទទួលខុសត្រូវ​ដែល​បាន​កំណត់​។​

​ក្នុង​បេសកកម្ម​នេះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​និង​ក្រុម​ការងារ​ ​បាន​ចុះ​ពិនិត្យ​ ​សិក្សា​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ ​ស្ថិតនៅ​ឃុំ​ទួល​ខ្ពស់​ ​ឃុំ​ខ្លុង​ពពក​ ​ឃុំ​ចោ​ង​ម៉ោង​ ​និង​ឃុំ​អភិវឌ្ឍន៍​ ​មាន​ដូច​ខាងក្រោម​៖​

(​១​).​ចុះ​ពិនិត្យ​សំណើ​រ​សុំ​ថវិកា​សម្រាប់​ធ្វើ​ផ្លូវ​បេតុង​ ​ក្នុង​បរិវេណ​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​ទួល​ខ្ពស់​ ​ស្ថិតនៅ​ភូមិ​រកា​ទង​ ​ឃុំ​ទួល​ខ្ពស់​ ​។​

(​២​).​ចុះ​ពិនិត្យ​សំណើ​រ​ស្នើសុំ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​ ​ប្រវែង​៣​០​០​ម៉ែត្រ​ ​និង​លូ​ប្រអប់​១​កន្លែង​ ​ស្ថិតនៅ​ក្នុង​ភូមិ​យោ​ត​ ​ឃុំ​ខ្លុង​ពពក​។​

(​៣​).​ចុះ​ពិនិត្យ​សំណើ​រ​សុំ​ស៊ីម៉ង់​ត៍ ​ចំនួន​១​០​តោន​ ​និង​ក្បឿង​ចំនួន​១​៦​០​០​សន្លឹក​ប្រក់​ដំបូល​ ​ដើម្បី​បន្ត​កសាង​សាលាបុណ្យ​ភូមិ​ក្រោយ​វត្ត​ ​ស្ថិតនៅ​ក្នុង​ឃុំ​ខ្លុង​ពពក​ ​។​

(​៤​).​ចុះ​ពិនិត្យ​សំណើ​រ​សុំ​ជួសជុល​ទំនប់ទឹក​ស្វាយចេក​ ​ស្ថិតនៅ​ក្នុង​ភូមិ​ស្វាយចេក​ ​ឃុំ​ចោ​ង​ម៉ោង​។​

(​៥​).​ចុះ​ពិនិត្យ​សំណើ​រ​សុំ​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ប្រវែង​២​៣​០​០​ម៉ែត្រ​ ​នៅ​ភូមិ​ដូន​ម៉ៅ​ ​ឃុំ​ចោ​ង​ម៉ោង​។​

(​៦​).​ចុះ​ពិនិត្យ​សំណើ​រ​សុំ​ជួសជុល​ទំនប់ទឹក​តា​អុក​ ​និង​ស្តារ​ប្រឡាយ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ ​ស្ថិតនៅ​ក្នុង​ភូមិ​ពា​រាំង​ ​ឃុំ​ចោ​ង​ម៉ោង​។​

(​៧​). ​ចុះ​ពិនិត្យ​សំណើ​រ​សាងសង់​ផ្លូវ​ចាក់កៅស៊ូ​ប្រវែង​៤​៥​០​០​ម៉ែត្រ​ ​ពី​ភូមិ​ស្រែ​តា​ជៃ ​ទៅ​ភូមិ​ស្រែ​ពិ​ច​ ​និង​សំណើ​រ​សុំ​ផ្លូវ​ចាក់កៅស៊ូ​ប្រវែង​៥​០​០​០​ម៉ែត្រ​ ​ពី​ភូមិ​ស្រែ​ព្រិច​ ​ទៅ​ភូមិ​រពាក់​ ​ឃុំ​អភិវឌ្ឍន៍​។​

​និង​(​៨​). ​ចុះ​ពិនិត្យ​សំណើ​រ​សុំ​ ​ជួសជុល​ទ្វារ​ទឹក​អន្លង់​តា​ទែន​ ​ប្រវែង​២​៥​០​ម៉ែត្រ​ ​នៅ​ភូមិ​រពាក់​ ​ឃុំ​អភិវឌ្ឍន៍​។​

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​នាំ​យក​ថវិកា​ ​របស់ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ត្រាំ​ អុី​វ​តឹក​ ​ចំនួន​ ​១​0​លាន​រៀល​គត់​ ​ដល់​លោក​អភិបាលស្រុក​ទឹកផុស​ស្តីទី​ ​និង​គណ​:​គ្រប់គ្រង​សាលាបឋមសិក្សា​សាន់​បារ៉ា​យ​ ​ស្ថិតនៅ​ឃុំ​អភិវឌ្ឍន៍​ ​ដើម្បី​ជួសជុល​អគារសិក្សា​ធ្វើអំពី​ឈើ​ប្រក់​ហ្វី​ប្រូ​ដែល​ទ្រុឌទ្រោម​ខ្លាំង​ ​ដែល​សិស្ស​កំពុង​សិក្សា​។​

*​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ ​ឯកឧត្តម​អនុប្រធាន​ ​បាន​ស្នើ​ក្រុម​ការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​សិក្សា​ ​និង​រៀបចំ​របាយការណ៍​លម្អិត​ជូន​ ​ឯកឧត្តម​ប្រធាន​ ​សម្រាប់​ដាក់​ជូន​ថ្នាក់លើ​ ​ដើម្បី​ពិនិត្យ​ ​និង​សម្រេច​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ ​ជា​ ​មានិត​ ​បាន​អញ្ជើញ​ចុះ​ជួប​សាក​សួរសុខទុក្ខ​ ​និង​នាំ​យក​ថវិកា​មួយ​ចំនួន​ ​របស់ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​ជូន​ដល់​លោក​ ឈួ​ង​ ឃឿ​ន​ ​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ទឹកផុស​ ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ ​នៅ​គេហដ្ឋាន​ផ្ទាល់​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង

  • សិង្ហបុរីគ្រោងបង្កើតច្បាប់ទប់ស្កាត់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ទៅកាន់ជនឆបោក

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”