លោកជំទាវរដ្ឋលេខាធិការ រស់ សូរក្ខា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបញ្ចប់សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសក្នុងវិស័យទូរគមនាគមន៍
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបញ្ចប់សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសក្នុងវិស័យទូរគមនាគមន៍។
សេចក្តីព្រាងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសក្នុងវិស័យទូរគមនាគមន៍ ត្រូវបានរៀបចំឡើង ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីទូរគមនាគមន៍ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២១៥/០១៧ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ត្រង់មាត្រា ៧៩ ដែលបញ្ញត្តិថា “បទល្មើសក្នុងវិស័យទូរគមនាគមន៍ដែលត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ ត្រូវកំណត់ដោយអនុក្រឹត្យ”។ សេចក្តីព្រាងអនុក្រឹត្យនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស និងដាក់ពិន័យអន្តរការណ៍ចំពោះបុគ្គលទាំងឡាយដែលប្រព្រឹត្តបទល្មើសក្នុងវិស័យទូរគមនាគមន៍ ដើម្បីជួយជំរុញការអនុវត្តច្បាប់ស្តីពីទូរគមនាគមន៍ប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាព និងមានគោលដៅ ដូចខាងក្រោម ៖
– លើកកម្ពស់ការយល់ដឹងនិងពង្រឹងការអនុវត្តច្បាប់ស្តីពីទូរគមនាគមន៍
– កំណត់អំពីសមត្ថកិច្ចក្នុងការដាក់ពិន័យអន្តរការណ៍
– កំណត់អំពីសកម្មភាពនិងប្រតិបត្តិការដែលត្រូវអនុវត្តក្នុងវិស័យទូរគមនាគមន៍
– កំណត់ចំនួនទឹកប្រាក់ដែលត្រូវពិន័យអន្តរការណ៍៕