ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីភាពជាដៃគូរួមគ្នាកសាងបណ្តាញអុបទិក រវាងទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន Cambodia Fiber Optic Communication Network Co.,Ltd. (CFOCN)
រាជធានីភ្នំពេញ៖ រសៀលថ្ងៃអង្គារ ០៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីភាពជាដៃគូរួមគ្នាកសាងបណ្តាញអុបទិក រវាងទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន Cambodia Fiber Optic Communication Network Co.,Ltd. (CFOCN)។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្ញៀវកិត្តិយសសរុបប្រមាណ ១០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក មានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាល បាននឹងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនដោយរាប់បញ្ចូលទាំងវិស័យទូរគមនាគមន៍ផងដែរ ដែលបង្កើតអោយមានបរិយាកាសមួយប្រកបដោយការប្រកួតប្រជែង និងមានបរិយាប័ន្ន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ពិធីចុះហត្ថលេខា នាថ្ងៃនេះបានបញ្ជាក់អំពីការបោះជំហានមួយទៅមុខទៀតរបស់ក្រសួង ក្នុងការជំរុញអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ឆ្ពោះទៅរករដ្ឋាភិបាលអេឡិកត្រូនិក និងសេដ្ឋកិច្ចឌីជីថល នាពេលអនាគត។ ទន្ទឹមនឹងនេះវានឹងបើកឱកាសឲ្យភាគីដែលចូលរួមទាំងវិស័យឯកជន និងសាធារណៈ ពង្រីកសក្តានុពលភាពការវិនិយោគរបស់ខ្លួន ដែលអាចប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់ជាតិ និងឯកជនប្រកបដោយសក្តានុពល និងមានប្រសិទ្ធភាព ពិសេសឈានទៅបង្កើតគម្រោងថ្មីៗជាច្រើនទៀត។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការរិះរកគំនិតផ្តួចផ្តើមគម្រោងនានា។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា ទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន CFOCN បន្តសហការធ្វើការរួមគ្នា បង្កើតជាគម្រោងលេចជារូបរាងពិតប្រាកដ និងទទួលបានជោគជ័យជាស្ថាពរ ហើយលទ្ធផលនៅថ្ងៃនេះ បានបញ្ជាក់អោយឃើញពីរួមចំណែករបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយរាជរដ្ឋាភិបាល នៅក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឲ្យមានសន្ទុះខ្លាំងក្លា និងដើរទាន់ការរីកចម្រើននៃបច្ចេកវិទ្យារបស់បណ្តាប្រទេសនៅក្នុងតំបន់៕