ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥(5G)
រាជធានីភ្នំពេញ៖ រសៀលថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥(5G) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥(5G) ជាមួយក្រុមការងារ ដែលមានសមាសភាពពីក្រសួងពាក់ព័ន្ធ និងអគ្គនាយកដ្ឋានជំនាញផងដែរ។
កិច្ចប្រជុំពិភាក្សានេះមានគោលបំណង ស្វែងរកធាតុចូលបន្ថែមក្នុងការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវសម្រាប់ដាក់ឱ្យដំណើរការបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥(5G)ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់សារៈសំខាន់ដល់ការគាំទ្រឧត្តមនវានុវត្តន៍ បច្ចេកវិទ្យាពពក បញ្ញាសិប្បនិម្មិត ការវិភាគទិន្នន័យខ្នាតធំ ការបង្កើនផលិតភាព និងការប្រកួតប្រជែងលើឆាកអន្តរជាតិ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឌីជីថល។
នាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា បច្ចេកវិទ្យា5G គឺអាចផ្លាស់ប្តូរវាសនាប្រទេសជាតិយើង ព្រោះបច្ចេកវិទ្យានេះនឹងជួយដល់ការស្រូបយកអត្ថប្រយោជន៍នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងលើកស្ទួយជីវភាពប្រជាពលរដ្ឋស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ បច្ចេកវិទ្យា5G គឺជាបច្ចេកវិទ្យាស្នូល សម្រាប់ការធ្វើឌីជីថលនៅកម្ពុជា។
ឯកឧត្តមរដ្ឋេលខាធិការ បានបន្ថែមទៀតថា ក្រុមការងាររបស់យើងបានទៅសិក្សាពីបទពិសោធន៍ពីការរៀបចំផែនទីបង្ហាញផ្លូវនេះពីសាធារណរដ្ឋកូរ៉េ សាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសអាស៊ានមួយចំនួនផងដែរ ដើម្បីសិក្សាពីការរៀបចំផែនការសម្រាប់បច្ចេកវិទ្យា5G ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខ។ ឯកឧត្តមបានលើកឡើងថា យើងត្រូវកំណត់ទិសដៅមួយអោយបានច្បាស់លាស់សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា5G ដោយរាប់ទាំងការធ្វើបទដ្ឋានគតិយុត្ត ការបែងចែកធនធានហ្វ្រេកង់ស៍វិទ្យុ ការរៀបចំគោលនយោបាយ និងការអនុវត្តផងដែរ។ ប្រទេសជិតខាងយើងបានចាប់ផ្តើមដល់ការដាក់ដេញថ្លៃ ដែលផ្តល់ចំណូលមួយចំនួនធំដល់ថវិការដ្ឋ។ ព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវសិក្សាផងដែរតើយើងត្រូវដេញថ្លៃ ក្នុងទម្រង់យ៉ាងណាមួយ ដែលអាចអោយដំណើរការបានរលូន ដើម្បីធានាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងតម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់។
កិច្ចប្រជុំបានប្រមូលធាតុចូលផ្សេងៗពីអ្នកជំនាញដែលមកពីអគ្គនាយកដ្ឋានចំណុះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីតាក់តែងផែនទីបង្ហាញផ្លូវនេះ អោយស្របនឹងគោលនយោបាយ និងស្ថានភាពជាក់ស្តែងនៅក្នុងទីផ្សារផងដែរ។ នៅពេលខាងមុខនេះ ក្រុមការងារនឹងយកនូវពង្រាងផែនទីបង្ហាញផ្លូវនេះ ពិភាក្សាជាមួយប្រតិបត្តិករ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីប្រមូលធាតុចូលពីវិស័យឯកជនផងដែរ៕