លោកជំទាវ ឈរ ណារី ត្រាំអុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃច័ន្ទ ០៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លោកជំទាវ ឈរ ណារី ត្រាំអុីវតឹក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាក្រុមការងារយេនឌ័រក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក លោកស្រី គណៈប្រតិភូអមដំណើរ និងសមាជិកសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចូលរួមសរុបប្រមាណ ១៦២នាក់។
នៅក្នុងឱកាសនោះ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្រោមប្រធានបទ ” មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ “ ជូនដល់អង្គពិធី។
មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវ ឈរ ណារី ត្រាំអុីវតឹក បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ មានគោលបំណង រំលឹកដល់សេចក្តីក្លាហាន និងការខិតខំតស៊ូរបស់បុព្វបុរសជាស្ត្រីទូទាំងសកលលោក ដើម្បីសិទ្ធិ សេរីភាព និងតួនាទី ស្មើគ្នា រវាងបុរស និងស្ត្រីនៅក្នុងសង្គម។ សំខាន់ជាងនេះទៀត ទិវានេះផ្តល់ឱកាសឲ្យយើងទាំងអស់គ្នានាសម័យបច្ចុប្បន្ន អាចឆ្លុះបញ្ចាំង និងអបអរសាទរ ចំពោះសមិទ្ធផលទាំងឡាយដែលសម្រេចបានក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយ ។ នៅក្នុងឱកាសនោះដែរ លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ ខ្ញុំសូមគាំទ្រលើប្រធានបទ “ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” បានរំលេចពីតម្លៃសុខសន្តិភាព និងអរគុណសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងថែរក្សាសន្តិភាពឲ្យនៅគង់វង្សយូរអង្វែងឆ្ពោះទៅមុខទៀត។ លើសពីនេះទៀត ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជា បានពង្រឹងកិច្ចសហប្រតិបត្តិការថែរក្សាសុខសន្តិភាព និងស្ថិរភាពនៅលើពិភពលោក និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាងជាប់ព្រំដែន កសាងតំបន់ព្រំដែន ជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
មុននឹងបញ្ចប់ លោកជំទាវ បានកោតសរសើរដល់គណៈកម្មាធិការអនុសាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកទឹកផុស ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកគាំទ្រកិច្ចការមនុស្សធម៌ ការលើកកម្ពស់សមត្ថភាព ជីវភាពសិទ្ធិ ឋានៈ តួនាទី សុខុមាលភាពស្ត្រី និងការទប់ស្កាត់អំពើហឹង្សា និងដោះស្រាយជម្លោះនានាដោយសន្តិវិធី។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ បានអញ្ជើញចែកជូននូវអំណោយអនុស្សាវរីយ៍ ជូនដល់បងប្អូនជានារី ដែលបានចូលរួម ដោយក្នុងម្នាក់ៗទទួលបាន សំពត់សឹង្ហ១ សាប៊ូ២ដុំ និងថវិកាចំនួន២ម៉ឺនរៀលផងដែរ៕