ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់ពានរង្វាន់ជ័យលាភីនៃគម្រោង “ អក្ខរកម្មឌីជីថល ”
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ០២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់ពានរង្វាន់ជ័យលាភីនៃគម្រោង “ អក្ខរកម្មឌីជីថល ” ដែលបំពាក់បំប៉នដល់សិស្សានុសិស្សចំនួន ១៤៦៣នាក់ ក្នុងរយៈពេលប៉ុន្មានខែមកនេះ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិ ស.អ.-CBRD Fund) ព្រមជាមួយតំណាងក្រុមហ៊ុន ស្មាតអាស្យាតា និងសិស្សានុសិស្ស ជាច្រើនកុះករ។
នាក្នុងឱកាសនោះ ឯកឧត្តម ត្រាំ អុីវតឹក បានមានប្រសាសន៍ថា អក្ខរកម្មឌីជីថល ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋទូទៅ សិស្សានុសិស្ស និងមន្ត្រីរាជការគ្រប់កម្រិត ដើម្បីចូលរួមក្នុងដំណើរការសេដ្ឋកិច្ច ព្រមទាំងសកម្មភាពនានា ក្នុងយុគសម័យឌីជីថលនេះ។ ហើយការបំពាក់បំប៉នអក្ខរកម្មឌីជីថល មិនត្រឹមតែគ្របដណ្តប់លើជំនាញឌីជីថលប៉ុណ្ណោះទេ ថែមទាំងជាការបណ្តុះសមត្ថភាពនៃការប្រើប្រាស់បច្ចេកវិទ្យាទៅតាមតម្រូវការជាក់ស្តែងរបស់ការងារ ការចូលរួមក្នុងសង្គមឌីជីថល និងការអភិវឌ្ឍខ្លួនជាដើម។ ក្នុងន័យនេះ សំដៅដល់សមត្ថភាពនៃការស្វែងរក ដំណើរការទំនាក់ទំនង និងបង្កើតព័ត៌មាន ព្រមទាំងសមត្ថភាពនៃការស្វែងរកដំណោះស្រាយដោយប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងភាពទទួលខុសត្រូវខ្ពស់ឆ្លើយតបទៅនឹងការផ្លាស់ប្តូរលឿនរហ័សនៃបច្ចេកវិទ្យា។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ក្រសួងបានផ្តោតជាចម្បងលើកិច្ចការបង្កើនអក្ខរកម្មឌីជីថលមន្ត្រីរាជការរបស់ក្រសួង។ ហើយជាជំហានដំបូងក្រសួងបាននិងកំពុងបង្កើតការរៀបចំវាស់ស្ទង់កម្រិតអក្ខរកម្មឌីជីថលរបស់មន្ត្រីរាជការក្រោមឱវាទ តាមប្រព័ន្ធអនឡាញ។ ហើយស្ថិតិដែលកើតចេញពីការវាស់ស្ទង់នេះ នឹងត្រូវបានប្រើប្រាស់ សម្រាប់ការរៀបចំគោលនយោបាយបណ្តុះបណ្តាលបុគ្គលិកច្បាស់លាស់ ចំទិសដៅ ឆ្លើយតបនឹងការផ្លាស់ប្តូរទៅតាមបរិបទការងារ ពិសេសការគាំទ្រដល់ការកសាងរដ្ឋាភិបាល ឌីជីថល និងសេដ្ឋកិច្ចឌីជីថល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជំហគាំទ្រដល់កម្មវិធីបំប៉នអក្ខរកម្មឌីជីថល ដែលបានរៀបចំឡើងនេះ ព្រោះថាយើងពិតជាត្រូវការ ការបង្កើនសមត្ថភាពប្រជាពលរដ្ឋ មន្ត្រីរាជការ និងសិស្សានុសិស្សក្នុងការចូលរួមគ្រប់សកម្មភាពសង្គម ធានាបាននូវការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាប្រកបដោយស័ក្កសិទ្ធិភាព និងសុវត្ថិភាព។ ហើយក្រសួង ប.ទ. ក៏នឹងបន្តជួយគាំទ្រដល់ការអភិវឌ្ឍជំនាញឌីជីថលជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាថ្នាក់វិទ្យាល័យ និងអនុវិទ្យាល័យ ការជួយជ្រោមជ្រែងដល់កម្មវិធីបណ្តុះបណ្តាលផ្សេងៗដោយប្រើប្រាស់កញ្ចប់ថវិកាមូលនិធិ ស.អ. ។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពដាក់បញ្ចូលទៅក្នុងប្រព័ន្ធអប់រំផ្លូវការនូវកម្មវិធីទាំងឡាយណាដែលក្រសួងយល់ថា មានភាពស៊ីសង្វាក់ជាមួយកម្មវិធីអប់រំ ដើម្បីធានានូវនិរន្តរភាព និងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីទាំងអស់នេះ។
*គូសបញ្ជាក់ផងដែរថា គម្រោង “ អក្ខរកម្មឌីជីថល ” រៀបចំឡើងដោយក្រុមការងាររបស់ក្រុមហ៊ុនស្មាត អាស្យាតា សហការជាមួយក្រុមហ៊ុន Google និង GSMA ដោយប្រើប្រាស់មូលនិធិ ស.អ. ៕