ជំនួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន CCCC និងក្រុមហ៊ុន Huawei
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបពិភាក្សាការងារជាមួយលោក Zhan Jinsheng នាយកប្រតិបត្តិក្រុមហ៊ុន China Communications Constructions Company (CCCC) និងលោក Yuya Yao នាយកប្រតិបត្តិក្រុមហ៊ុន Huawei ដោយមានការអញ្ជើញចូលរួមពីតំណាយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួងផងដែរ។
លោក Zhan Jinsheng បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីធុរកិច្ចចម្បងៗ និងបទពិសោធន៍ការងារជាង ១២០ ឆ្នាំរបស់ក្រុមហ៊ុន CCCC ដែលបានបង្កើតតាំងពីឆ្នាំ១៨៩៧ និងបានចុះបញ្ជីលក់ភាគហ៊ុននៅផ្សារមូលបត្រក្រុងសៀងហៃ និងហុងកុង។ CCCC ជាក្រុមហ៊ុនធំជាងគេក្នុងពិភពលោកផ្នែកសំណង់ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ផ្លូវ ស្ពាន រួមបញ្ចូលទាំងស្ពានឆ្លងសមុទ្រវែងជាងគេលើពិភាពលោកភ្ជាប់ពីទីក្រុងហុងកុងទៅម៉ាកាវ។ ក្រុមហ៊ុនបានដើរតួនាទីសំខាន់ក្នុងការគាំទ្រគម្រោងខ្សែក្រវ៉ាត និងផ្លូវ (Project in Belt and Road) របស់ប្រទេសចិន។ លោកនាយកប្រតិបត្តិក្រុមហ៊ុន Huawei ក៏បានបញ្ជាក់អំពីគម្រោងជាច្រើនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនក្រុមហ៊ុនអំពីការងារអាទិភាពរបស់ក្រសួងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឱ្យកាន់តែល្អទាំងគុណភាព វិសាលភាព និងថ្លៃសេវា ដែលមានជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ (submarine cable), បណ្តាញខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នង (Backbone network), បណ្តាញខ្សែកាប្លិ៍អុបទិកចែកចាយ (Access Network), និងមាត់ច្រកអ៊ីនធឺណេតអន្តរជាតិ (International Internet Gateway) ជាដើម។ ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថាការគ្រប់គ្រងលើប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជាចំនុចគន្លឹះមួយមិនត្រឹមតែសម្រាប់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ក៏ប៉ុន្តែរួមបញ្ចូលនូវផ្នែកសន្តិសុខជាតិ និងការប្រជែងឥទ្ធិពលភូមិសាស្រ្តនយោបាយផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញដល់ក្រុមហ៊ុនទាំងពីរឱ្យបន្ថែមការវិនិយោគ និងសហការគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជាឱ្យកាន់តែទូលំទូលាយដើម្បីជាមូលដ្ឋានរឹងមាំមួយក្នុងការកាត់បន្ថយគន្លាតឌីជីថល និងការនាំយកកម្ពុជាចូលទៅក្នុងយុគ្គសម័យបដិវត្តន៍ឧស្សាហកម្មទី៤។