ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពី ការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយ រដ្ឋាភិបាលឌីជីថល
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំសេចក្តីព្រាង ក្របខ័ណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ដោយមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធក្រោមឱវាទក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមការងារពន្លឿនការពិភាក្សារៀបចំឯកសារទស្សនទាន (Concept Paper) នៃការរៀបចំក្របខ័ណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ដោយបន្សីគ្នាជាមួយក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច ឌីជីថល ដែលបានរៀបចំដោយក្រុមការងារនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ ឯកឧត្តម បានចាត់ឱ្យក្រុមការងារស្វែងយល់ពីនិន្នាការនៃរដ្ឋាភិបាលឌីជីថលរបស់ប្រទេសនៅក្នុងតំបន់ និងពិភពលោក ព្រមទាំងស្វែងរកធាតុចូលបន្ថែមពីអ្នកជំនាញការចំណានៗ ពាក់ព័ន្ធការរៀបចំការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមការងារប្រមូលទិន្នន័យពីគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ដែលមានតំណាងនៅក្នុងគណៈកម្មការរដ្ឋាភិបាលឌីជីថល ដើម្បីរៀបចំគោលនយោបាយនេះឱ្យមានលក្ខណៈមុតស្រួច និងឆ្លើយតបតាមតម្រូវការពិតប្រាកដ នៃការអភិវឌ្ឍប្រទេស។ ឯកឧត្ដមរដ្ឋមន្ត្រី បានជំរុញក្រុមការងារឱ្យបង្កើនល្បឿននៃការរៀបចំគោលនយោបាយនេះ ដើម្បីដាក់ជូន រាជរដ្ឋាភិបាលពិនិត្យនិងសម្រេចនាពេលខាងមុខ។