ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Huawei ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបពិភាក្សាការងារជាមួយលោក Yuya Yao នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំនៅក្នុងប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួងពាក់ព័ន្ធផងដែរ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការកន្លងមក និងការងារត្រូវអនុវត្តបន្ត ជាពិសេសការអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G)។
លោក Yuya Yao បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន Huawei ដែលបាន វិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ចាប់តាំងពីឆ្នាំ ១៩៩៩ មក ដែលបានផ្តល់ការងារដល់ប្រជាជនកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោក Yuya Yao បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei នឹងបន្តវិនិយោគបន្ថែម មិនត្រឹមតែក្នុងវិស័យទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកសកម្មភាពធុរកិច្ចផ្សេងទៀត ក្នុងវិស័យឌីជីថលផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនក្រុមហ៊ុនអំពីការងារអាទិភាពរបស់ក្រសួងក្នុងការបង្កើតបរិស្ថានសម្រាប់ការរីកលូតលាស់វិស័យឌីជីថល និងស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពផ្តល់ការគំាទ្រតាមរយៈជំនាញ និងបទពិសោធន៍របស់ខ្លួនលើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដើម្បីបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តីរាជការក្រសួង និងនិស្សិត ព្រមទាំងការប្រើប្រាស់អ៊ីនធឺណិត និងបច្ចេកវិទ្យាបានទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋទូទៅ។
ជាការឆ្លើយតប លោកនាយកប្រតិបត្តិក្រុមហ៊ុន Huawei បានទទួលយកសំណើនានារបស់ ឯកឧត្តមរដ្ឋមន្រ្តី និង សន្យាសហការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមមន្ត្រីជំនាញក្រោមឱវាទក្រសួងលើគម្រោងនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍សំខាន់ៗរបស់កម្ពុជា៕