ជំនួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិក្រុមហ៊ុនវៀតធេល(ខេមបូឌា)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបពិភាក្សាការងារជាមួយលោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុន វៀតធេល(ខេមបូឌា) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនក្រុមហ៊ុនវៀតធេល(ខេមបូឌា) ដែលបានចូលរួមយ៉ាងសកម្មជាមួយគំនិតផ្តួចផ្តើមនានារបស់ក្រសួង និងរាជរដ្ឋាភិបាលក្នុងវិស័យបច្ចេកវិទ្យានិងទូរគមនាគមន៍ កន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមហ៊ុនអំពីការងារអាទិភាពរបស់ក្រសួងក្នុងការរៀបចំ និងអនុវត្តន៍ក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល ក៏ដូចជាការគ្រោងដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគន៍ឥតខ្សែជំនាន់ទី៥ (5G) និងសេវាអនឡាញផ្សេងៗ តាមរយៈការអភិវឌ្ឍប្រកបដោយភាពវៃឆ្លាតនូវហេដ្ឋារចនាសម្ព័ន្ធទូរគមនាគន៍ ដើម្បីជាមូលដ្ឋានរឹងមាំមួយក្នុងការកាត់បន្ថយគន្លាតឌីជីថល និងការលើកកម្ពស់ភាពប្រកួតប្រជែងជាតិជាដើម។ ដើម្បីជាកម្លាំងចលករបន្ថែមក្នុងការនាំយកកម្ពុជាចូលទៅក្នុងយុគ្គសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីគម្រោងប្រមូលផ្តុំក្រុមអ្នកទេពកោសល្យបច្ចេកវិទ្យាឌីជីថលវ័យក្មេង (Digital Talent) ដែលមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ឱ្យពួកគាត់ធ្វើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗបម្រើដល់ស្ថាប័នរដ្ឋ វិស័យអប់រំ និងសហគមន៍ជំនួញ។
លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុនវៀតធេល(ខេមបូឌា) បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុនក្រុមហ៊ុនវៀតធេល(ខេមបូឌា) នៅកម្ពុជាជាងមួយទស្សវត្សកន្លងមកនេះដោយក្រុមហ៊ុនបានបង្កើនទុនវិនិយោគជាបន្តបន្ទាប់ដើម្បីនាំយកបច្ចេកវិទ្យាថ្មីៗជូនដល់អ្នកប្រើប្រាស់ក៏ដូចជា ដើម្បីបន្តចូលរួមចំណែកអភិវឌ្ឍកម្ពុជា។ លោកនាយកប្រតិបត្តិក៏បានលើកឡើងពីគម្រោងសំណើមួយចំនួនរបស់ក្រុមហ៊ុនដូចជា៖ ស្នើសុំក្រសួងអនុញ្ញាតដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគន៍ឥតខ្សែជំនាន់ទី៥ (5G) ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល និងSmart City ជាដើម។
ជាការកត់សម្គាល់ផងដែរ លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុនវៀតធេល(ខេមបូឌា) បានវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងគំនិតផ្តួចផ្តើមនានារបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលទើបចូលកាន់ដំណែងក្នុងរយៈពេលបីសប្តាហ៍ប៉ុណ្ណោះ។