កិច្ចប្រជុំពិភាក្សាអំពីលិខិតបទដ្ឋានគតិយុត្តជាអាទិភាពក្នុងវិស័យទូរគមនាគមន៍
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីលិខិតបទដ្ឋានគតិយុត្តជាអាទិភាពក្នុងវិស័យទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួង។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់នូវការរៀបចំលិខិតបទដ្ឋានគតិយុត្តជាអាទិភាព ដែលពុំទាន់បានរៀបចំ ផ្អែកតាមខ្លឹមសារច្បាប់ស្តីពីទូរគមនាគមន៍ និងតម្រូវការជាក់ស្តែងនៅក្នុងវិស័យទូរគមនាគមន៍ ដើម្បីរៀបចំសេចក្តីព្រាង រួចឆ្លងថ្នាក់ដឹកនាំពិនិត្យ និងសម្រេច។ ការរៀបចំបទដ្ឋានគតិយុត្តដែលនៅសេសសល់ទាំងអស់នេះ នឹងជួយជំរុញប្រសិទ្ធភាព និងសក្តិសិទ្ធភាពក្នុងការអនុវត្តច្បាប់ស្តីពីទូរគមនាគមន៍៕