ឯកឧត្តម ជា វ៉ាន់ដេត ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសង្ឃឹមជឿជាក់ថា វត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅ កម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-សហរដ្ឋអាមេរិច ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនពីអាទិភាពការងារមួយចំនួនរបស់ក្រសួង ដូចជាការរៀបចំសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ការធ្វើឌីជីថលនីយកម្មផ្ទៃក្នុងក្រសួង ការកសាងធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឱ្យកាន់តែល្អទាំងគុណភាព វិសាលភាព និងថ្លៃសេវា ដែលមានជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ (submarine cable), បណ្តាញខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នង (Backbone network), បណ្តាញខ្សែកាប្លិ៍អុបទិកចែកចាយ (Access Network), និងមាត់ច្រកអ៊ីនធឺណេតអន្តរជាតិ (International Internet Gateway) ជាដើម។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏យកចិត្តទុកដាក់ក្នុងការរៀបចំច្បាប់បទដ្ឋានគតិយុត្ត ពាក់ព័ន្ធនានា ក្នុងនោះក៏មានច្បាប់ស្តីពីសន្តិសុខព័ត៌មានវិទ្យានិងយន្តការសម្រាប់អនុវត្តច្បាប់ទាំងនោះប្រកបដោយប្រសិទ្ធភាពផងដែរ។ ដោយឡែកទាក់ទងនឹង វិស័យប្រៃសណីយ៍ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនភ្ញៀវពីការពន្លឿននូវការរៀបចំសេចក្តិព្រាង គោលនយោបាយប្រៃសណីយ៍និងការរៀបចំវិសោធនកម្មច្បាប់ប្រៃសណីយ៍ ដើម្បី ផ្តល់សេវាប្រៃសណីយ៍ឱ្យកាន់តែប្រសើរឡើង និងមានវិសាលភាពគ្របដណ្តប់រហូតដល់ជនបទ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ពិសេសការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ផ្ទាល់ និងសង្ឃឹមថាចំណងកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ នឹងកាន់តែរិតបន្តឹងបន្ថែមទៀត និងទទួលបាននូវសមិទ្ធផលថ្មីៗ សម្រាប់វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ដើម្បីរំលឹកខួបចំណងការទូតកម្ពុជា-អាមេរិកលើកទី៧០ នាឆ្នាំនេះ ស្ថានទូតសហរដ្ឋអាមេរិកក៏បានលើកនូវប្រធានបទមួយចំនួន ទាក់ទងនឹងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដូចជាបច្ចេកវិទ្យាបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសម្រាប់កសិកម្ម និងសម្រាប់ការអប់រំដល់យុវជនជាដើម។ ជាមួយគ្នានេះ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក៏គ្រោងនឹងមកព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងខែកញ្ញាខាងមុខដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ជឿជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក នឹងអាចជួយផ្តល់សេវាប្រឹក្សាយោបល់លើផ្នែកសន្តិសុខព័ត៌មានវិទ្យា ដោយប្រើបទពិសោធន៍ដ៏សម្បូរបែបដែលក្រុមហ៊ុនទាំងនោះមាននៅជំវិញពិភពលោក។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍