ឯកឧត្តម ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត Park Heung-Kyeong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបាននិងកំពុងចូលរួមដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ពិសេសវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលសាធារណរដ្ឋកូរ៉េមានការរីកចម្រើននាំមុខគេនៅលើពិភពលោក។ ក្រោមការដឹកនាំរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមជឿជាក់ ថាកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-កូរ៉េ នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជននៃប្រទេសយើងទាំងពីរ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការរបស់កូរ៉េជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លើ គម្រោងជាច្រើន រួមមានការផ្តល់ការគាំទ្រដល់ការបង្កើតអនុក្រឹត្យស្តីពីហត្ថលេខាឌីជីថល គម្រោងស្តីពីការការគ្រប់គ្រងនិងបែងចែកវិសាលគមន៍ហ្វ្រេកង់ស៍ គម្រោងស្តីពីការបង្កើតក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល និងគម្រោងស្តីពីថ្នាលទំនាក់ទំនងបម្រើដល់ការអប់រំពីចម្ងាយជាមួយជាដើម។ គម្រោងថ្នាលទំនាក់ទំនងបម្រើដល់ការអប់រំពីចម្ងាយនេះ គឺជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េ ដែលមានទឹកប្រាក់ចំនួន ១២ លានដុល្លារ សម្រាប់រយៈពេល៣ឆ្នាំ ហើយនឹងត្រូវអនុវត្ត ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធដូចជាក្រសួងអប់រំយុវជន និងកីឡា និងក្រសួងព័ត៌មានផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីការងារដែលក្រសួងបាននឹងកំពុងធ្វើនាពេលបច្ចុប្បន្នពិសេស ទាក់ទងនឹងការជំរុញការកសាងបទដ្ឋានគតិយុត្ត មានដូចជាច្បាប់ស្តីពីសន្តិសុខព័ត៌មានវិទ្យា ការធ្វើឌីជីថលនីយកម្មផ្ទៃក្នុងក្រសួង ការរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថលជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើទៅកាន់ភាគីកូរ៉េ ក្នុងការផ្តល់នូវអ្នកជំនាញ ឱ្យបានកាន់តែឆាប់កាន់តែល្អ នៅក្នុងគម្រោងនីមួយៗ ដើម្បីផ្តល់ការពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ។