ឯកឧត្តមរដ្ឋលេខាធិការ កាន ច័ន្ទមេត្តា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពី e-Learning platform

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នៅទីស្តីការក្រសួង ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ.) និងជាប្រធានក្រុមការងារដើម្បីសហការរៀបចំ កែលម្អ និងអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិកត្រូនិក នៃក្រសួង ប.ទ. បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពី e-Learning platform ដោយមានការចូលរួមពី ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា (ក្រសួង អ.យ.ក), អនុប្រធាននិងសមាជិកក្រុមការងារដើម្បីសហការរៀបចំ កែលម្អ និងអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិកត្រូនិកនៃក្រសួងទាំងពីរ, វិទ្យាស្ថានជាតិ NIPTICT, តំណាងប្រតិបត្តិករទូរគមនាគមន៍, ប្រតិបត្តិករផ្តល់សេវាអុីនធឺណិត និងតំណាងក្រុមហ៊ុន Sabay។

ឯកឧត្តមរដ្ឋលេខាធិការ កាន ច័ន្ទមេត្តា បានមានប្រសាសន៍ថា កិច្ចប្រជុំពិគ្រោះយោបល់នេះត្រូវបានធ្វើឡើងក្នុងគោលបំណងស្នើសុំ  កិច្ចសហការពីប្រតិបត្តិករទូរគមនាគមន៍ និងប្រតិបត្តិករផ្តល់សេវាអុីនធឺណិត ដើម្បីទទួលបានកញ្ចប់សេវាអុីនធឺណិតដោយមិនគិតថ្លៃក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងគោលដៅបម្រើដល់ e-Learning platform សម្រាប់សិស្សានុសិស្សនៅតាមវិទ្យាល័យដែលស្ថិតនៅតាមតំបន់ជនបទនិងតំបន់ដាច់ស្រយាលដែលទទួលបានសេវាអុីនធឺណិតមានកម្រិត និងដើម្បីប្រមូលធាតុចូលបន្ថែមក្នុងការកែលម្អលើកម្មវិធី e-Learning platform ដែលត្រូវបានសហការអភិវឌ្ឍនាពេលកន្លងមករវាងវិទ្យាស្ថានជាតិ NIPTICT និងក្រុមហ៊ុន Sabay។

គួរបញ្ជាប់ផងដែរថា e-Learning platform នេះនឹងត្រូវដាក់ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យនិងសម្រេច មុននឹងដាក់ឱ្យដំណើរការសាកល្បងជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ៕

-រូបថតដោយ ពត សែមតារារដ្ឋ

-អត្ថបទដោយ វិត វិយុទ្ធ

-បកប្រែទៅភាសាអង់គ្លេសដោយ ថន សុធារិន

អត្ថបទជាប់ទាក់ទង