ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យឯកឧត្តម Amphay KINDAVONG ឯកអគ្គរដ្ឋទូតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ រសៀលថ្ងៃច័ន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យឯកឧត្តម Amphay KINDAVONG ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីការងារដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានកែទម្រង់ និងកំពុងធ្វើ ក្នុងនោះការងារជាអាទិភាពមួយចំនួនរួមមាន៖ ការរៀបចំក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ក៏ដូចជាការរៀបចំគោលនយោបាយ និងបទដ្ឋានគតិយុត្តនានា ដើម្បីការត្រៀមខ្លួនសម្រាប់បច្ចេកវិទ្យាឌីជីថលថ្មីៗ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លៃងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានសម្របសម្រួល និងរៀបចំដល់ដំណើរទស្សនកិច្ចជាផ្លូវការកាលពីដើមឆ្នាំ២០២០កន្លងមកនេះនៅសាធារណរដ្ឋប្រធិបតេយ្យប្រជាមានិតឡាវ។

ឯកឧត្តម Amphay KINDAVONG បានជម្រាបអំពីការប៉ះពាល់នៃការរាតត្បាតវីរ៉ុសកូវីដ-១៩ ដែលបង្កឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍប្រទេស ជាពិសេសវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម និងវិស័យអប់រំជាដើម ហើយក៏បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់អាហាររូបកណ៍ដល់ភាគីឡាវ ដែលនឹងអនុវត្តនៅឆ្នាំ២០២១នាពេលខាងមុខនេះ ព្រមទាំងបានអបអរសាទរចំពោះការឡើងកាន់តំណែងរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសង្ឃឹមជឿជាក់ថា ជាមួយការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី មិត្តភាព និងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនឹងត្រូវបានពង្រីក និងពង្រឹងបន្ថែមមួយកំរិតទៀត ពិសេសកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

-រូបថតដោយ បូ ពន្លកបញ្ញា
-អត្ថបទដោយ ហ៊ន ធារ៉ា
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍