ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីភាពក្នុងពិធីផ្ទេរតំណែងប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការនិយ័តករទូរគមនាគមន៍កម្ពុជា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្ទេរតំណែងប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិករបស់និយ័តករទូរគមនាគមន៍កម្ពុជា ជាច្រើនរូប។

ឯកឧត្តម ម៉ូវ ចរិយា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានធ្វើរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលការងារធំៗរបស់និយ័តករទូរគមនាគមន៍កម្ពុជាក្នុងរយៈពេលកន្លងមកនេះ ទាក់ទងនឹងការធ្វើទំនើបកម្មឧបករណ៍សម្ភារៈ ពង្រីកប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងICT ការបង្រ្កាបបទល្មើស និងបង្កើនសមត្ថភាពធនធានមនុស្ស ការគាំពារជីវភាពមន្ត្រីរាជការ និយោជិត ដើម្បីធានាបាននូវភាពរឹងមាំនៃស្មារតីសាមគ្គីភាព ជាដើម។

ថ្លែងនាឱកាសនោះ ឯកឧត្ដម ថោង ចិន្តា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជាដែលទើបត្រូវបានតែងតាំង បានមានប្រសាសន៍ថា ឯកឧត្តម សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ប្រមុខរាជរដ្ឋាភិបាល និងឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់ទំនុកចិត្ត តែងតាំងឯកឧត្តមមកដឹកនាំនិយ័តករទូរគមនាគមន៍កម្ពុជា ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ម៉ូវ ចរិយា ក្នុងការដឹកនាំស្ថាប័នក្នុងរយៈពេលកន្លងមក ដែលធ្វើឱ្យវិស័យនេះមានការប្រែប្រួលរីកចម្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្តមប្រធាន បានធ្វើការប្តេជ្ញាចិត្តខ្ពស់ចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយកែទម្រង់ដែលមិនរារែក និងមិនរាថយ ប្រកាន់ខ្ជាប់សិល្បៈដឹកនាំទន់ភ្លន់តែម៉ឺងម៉ាត់ ប្រកបដោយថាមភាពរស់រវើករបស់ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យទូរគមនាគមន៍ប្រកបដោយគុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងស្មោះត្រង់។

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗជាច្រើនរបស់ ឯកឧត្តម ម៉ូវ ចរិយា ដែលសម្រេចបានសម្រាប់វិស័យ និងអង្គភាពក្នុងពេលកន្លងមក។ ឯកឧត្ដមរដ្ឋមន្ត្រី បានធ្វើការគូសរំលេចនូវកិច្ចការជាអាទិភាពសំខាន់ៗមួយចំនួនសម្រាប់ ឯកឧត្តម ថោង ចិន្តា ឱ្យផ្តោតការយកចិត្តទុកដាក់ក្នុងបង្កើនប្រសិទ្ធភាពនៃការធ្វើនិយ័តកម្ម ការគ្រប់គ្រងរបបអាជ្ញាបណ្ណ ការប្រមូលចំណូលពីវិស័យទូរគមនាគមន៍ ជំរុញរៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា សំដៅធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មោះត្រង់ ការការពារអ្នកប្រើប្រាស់ ព្រមទាំងពង្រឹងគុណភាពសេវាទូរគមនាគមន៍ និងស្ថង់ដារគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យនិយ័តករទូរគមនាគមន៍កម្ពុជា បន្តពង្រឹងការគ្រប់គ្រងរដ្ឋបាលឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញមុខងាររបស់ខ្លួន ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងសមត្ថភាពជំនាញតាមរយៈការបណ្តុះបណ្តាលបន្ថែម។

មុននឹងបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីជំនឿជាក់យ៉ាងមុតមាំថាក្រោមការដឹកនាំដ៏សកម្ម និងប្រកបដោយថាមពលរបស់ ឯកឧត្តម ថោង ចិន្តា និងជាពិសេសការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងរួមរបស់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និយោជិត គ្រប់ជាន់ថ្នាក់ និយ័តករទូរគមនាគមន៍កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលជាច្រើនថែមទៀតជូនជាតិមាតុភូមិ៕

-ថតរូបដោយ បូ ពន្លកបញ្ញា
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”