ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយអគ្គនាយកដ្ឋានពន្ធដារដើម្បីបង្កើនការប្រមូលពន្ធលើសេវាឌីជីថលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសមិនចុះបញ្ជីនៅកម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានធ្វើទស្សនកិច្ចនិងជួប​ជាមួយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បី​​ពិភាក្សាអំពីយន្តការប្រមូលពន្ធពីការលក់សេវាឌីជីថល របស់ក្រុមហ៊ុនបច្ចេក​វិទ្យាបរទេសធំៗ ដូចជា Netflix, Amazon, Alibaba, Facebook និង Google ជាដើម ដែលមិនចុះបញ្ជីហើយរកចំណូលបានពីអ្នកប្រើប្រាស់នៅកម្ពុជា។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបន្តសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបានកាន់តែជិតស្និទ្ធក្នុងគោលបំណង ដើម្បីបង្កើនចំណូលពន្ធជូនរដ្ឋជាពិសេសក្រុមហ៊ុនផ្តល់សេវាឌីជីថល និងប្រតិបត្តិករទូរគមនាគមន៍។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់​ចំពោះលទ្ធផលល្អប្រសើរ ដែលបានមកពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយមនសិការ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ។ ជាមួយគ្នា​នេះ ក្នុងខណៈដែលកម្ពុជា និងពិភពលោកបាន​និងកំពុងពឹងផ្អែកខ្លាំងលើការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយដល់ការបង្កើនប្រសិទ្ធភាពការងារគ្រប់ប្រភេទ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តោតការយកចិត្តទុកដាក់​លើការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានពីការគំរាមកំហែង ដើម្បីធានាលំហអុីនធឺណិតមានសុវត្ថិភាពនិងសន្តិសុខ ព្រមទាំងផ្តល់ការគាំទ្រផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មានបន្ថែមជូនអគ្គនាយកដ្ឋានពន្ធដារ។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែង កោតសរសើរ​ចំពោះ​សមិទ្ធផល​សម្រេច​បានក្នុងរយៈពេល ៧ខែ នៃការចូលកាន់ដំណែងជារដ្ឋមន្ត្រី របស់ ឯកឧត្តម ជា វ៉ាន់ដេត ជាពិសេសលើទស្សនវិស័យនិងផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍ និងប្រៃសណីយ៍។ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលក៏បានគាំទ្រគំនិតផ្តួចផ្តើមដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងរៀបចំឱ្យមានបណ្តុំទិន្នន័យ (Big data) ដោយធ្វើសមាហរណកម្មទិន្នន័យ​ថ្នាក់ជាតិគ្រប់វិស័យបញ្ចូលគ្នា និងចែករំលែកទិន្នន័យជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។

នៅក្នុងជំនួបពិភាក្សានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអគ្គនាយកដ្ឋានពន្ធដារ នឹងបង្កើនកិច្ចសហការចែករំលែកទិន្នន័យគ្នាទៅវិញទៅមក ផ្តល់ទិន្នន័យចំណូលដុលរបស់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់តាមរយៈមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ (DMC) ព្រមទាំងគាំទ្រផ្នែកបច្ចេកទេសដើម្បីពង្រឹងការអនុវត្តច្បាប់ពន្ធដារដោយ​ប្រើច្រកទ្វាអុីនធឺណិតជាតិ និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់កត់ត្រាប្រតិបត្តិការផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសធំៗទាំងអស់។

-ថតរូបដោយ បូ ពន្លកបញ្ញា
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

អត្ថបទជាប់ទាក់ទង

  • សិង្ហបុរីគ្រោងបង្កើតច្បាប់ទប់ស្កាត់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ទៅកាន់ជនឆបោក

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ