ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបពិភាក្សាជាមួយគណៈប្រតិភូរបស់ក្រុមហ៊ុន SEATEL
នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបជាមួយ គណៈប្រតិភូរបស់ក្រុមហ៊ុន South East Asia Telecom (Cambodia) Co.,Ltd ដែលដឹកនាំដោយ លោក Patrick Wang ប្រធានក្រុមប្រឹក្សាភិបាលរបស់ Hong Kong Eastern Bliss Group Limited និងលោក Yang Yin ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន SEATEL។
ក្នុងជំនួបនេះ គណៈប្រតិភូក្រុមហ៊ុន SEATEL បានបង្ហាញនូវការកោតសសើរចំពោះការប្តេជ្ញាចិត្ត និងភាពរឹងមាំនៃការកែទម្រង់របស់ឯកឧត្តមរដ្ឋមន្រ្តី ក្នុងរយៈពេលកន្លងមក ដែលធ្វើឱ្យវិស័យទូរគមនាគមន៍កាន់តែមានភាពប្រកួតប្រជែងដោយស្មើភាព ហើយធ្វើឱ្យលោកកាន់តែមានជំនឿចិត្តក្នុងការបន្តពង្រីកអាជីវកម្មរបស់ខ្លួនក្នុងវិស័យនេះ។ គណៈប្រតិភូរបស់ក្រុមហ៊ុនក៏បានជម្រាបជូនអំពីផែនការវិនិយោគរបស់ក្រុមហ៊ុន ព្រមទាំងស្នើសុំការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ជាមួយគ្នានេះ លោក Yang Yin បានបង្ហាញអំពីការព្យាយាមរបស់ក្រុមហ៊ុន SEATEL ក្នុងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុដែលខ្លួនបានខកខានក្នុងការបំពេញជូនក្រសួងកន្លងមក។
ជាការឆ្លើយតប ឯកឧត្តម ជា វ៉ាន់ដេត បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន SEATEL ដែលបានព្យាយាមបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ហើយក្រសួងនឹងគាំទ្រដល់ដំណើរអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានបំណងវិនិយោគពិតប្រាកដក្នុងវិស័យនេះ។
ជាចុងបញ្ចប់ ឯកឧត្តម ជា វ៉ាន់ដេត បានជូនពរលោក Patrick Wang និងលោក Yang Yin ព្រមទាំងសហការីទទួលបាននូវជោគជ័យ ក្នុងការប្រកបអាជីវកម្មនៅកម្ពុជា។
-ថតរូបដោយ បូ ពន្លកបញ្ញា
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន