បង្កើត QR Code “ទប់ស្កាត់កូវីដ Stop Covid” ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
ក្នុងគោលដៅបន្តអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ហានិភ័យននៃការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid”។ តាមរយៈប្រព័ន្ធនេះ សាធារណជនអាចស្កេននៅពេលចូលទីតាំងដែលមានមនុស្សចេញ-ចូលច្រើន ហើយអាចទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះ មានករណីឆ្លងជំងឺ។
សូមថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈនិងឯកជន ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់ទីតាំងដែលមានមនុស្សជួបជុំច្រើន ឱ្យប្រើប្រាស់ ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” នេះសម្រាប់អង្គភាពរបស់ខ្លួន ដោយធ្វើតាមការណែនាំដូចខាងក្រោម៖
- ជំហានទី១៖ ចូលទៅកាន់គេហទំព័រ stopcovid.gov.kh
- ជំហានទី២ ៖ ចុចលើពាក្យថា “ស្នើសុំ QR Code”
- ជំហានទី៣ ៖ បំពេញឈ្មោះ លេខទូរសព្ទទំនាក់ទំនង អ៊ីម៉ែល និងអាសយដ្ឋានអង្គភាព រួចចុចពាក្យថា “ស្នើសុំ QR Code” បន្ទាប់មកចុចពាក្យថា “Download” ដើម្បីទទួលបាន QR Code មួយសន្លឹក
- ជំហានទី៤ ៖ ព្រីន QR Code ដែលបានបង្កើត រួចយកទៅដាក់នៅច្រកចេញ-ចូលទីតាំងរបស់អង្គភាពសាមីដែលផ្តល់ភាពងាយស្រួលដល់ការស្កេន។
សូមសាធារណជនទាំងអស់សហការចូលរួមស្កេន QR Code នេះ នៅតាមទីតាំងដែលមានដាក់ QR Code “ទប់ស្កាត់កូវីដ Stop Covid” ដោយអនុវត្តតាមជំហានទាំង៤ ដូចខាងក្រោម៖
- ជំហានទី១ ៖ រកមើលកន្លែងដែលមានដាក់បង្ហាញរូប QR Code នៅតាមច្រកចូល
- ជំហានទី២ ៖ ស្កេន QR Code ដោយប្រើកាមេរ៉ាទូរសព្ទដៃ។ ក្នុងករណី មិនអាចស្កេន QR Code តាមរយៈកាមេរ៉ា សូមចូលទៅកាន់គេហទំព័រ stopcovid.gov.kh ដោយផ្ទាល់ រួចចុចលើពាក្យ “ចាប់ផ្តើមស្កេន”
- ជំហានទី៣ ៖ ចំពោះការចុះឈ្មោះលើកដំបូង សូមលោកអ្នកវាយលេខទូរសព្ទ រួចចុចលើពាក្យ “បន្ត”
- ជំហានទី៤ ៖ វាយលេខកូដ ៦ខ្ទង់ ដែលបានផ្ញើទៅកាន់ប្រអប់សារទូរសព្ទដៃ ជាការស្រេច។
ចំពោះការស្កេនលើកក្រោយៗ គ្រាន់តែអនុវត្តតាមជំហានទី២ ខាងលើ។
សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលទាក់ទងបឋម (Call Center) របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈ លេខទូរសព្ទកូដខ្លី 123 (ហៅចូលដោយឥតគិតថ្លៃ) ឬ 099 888 516 | 012 979 079។
សូមទស្សនាវីដេអូណែនាំខាងក្រោម