ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងនិងវឌ្ឍនភាពការងារអាទិភាពរបស់ក្រសួងដូចជា៖
១- ការរៀបចំសេចក្តីព្រាងច្បាប់សន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលគ្រោងនឹងបញ្ចប់នាខែមេសា ឆ្នាំ២០២១ ខាងមុខ ហើយនឹងចែករំលែកជូនស្ថានទូតដើម្បីស្នើសុំធាតុចូលបន្ថែម
២- ការបណ្តុះបណ្តាលមន្ត្រីលើជំនាញសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានបន្ថែមលើជំនាញសំខាន់ៗ រួមមាន៖ ការឆ្លើយតបបញ្ហាបន្ទាន់ ការទប់ស្កាត់ភាពងាយរងប៉ះពាល់របស់សេវាអនឡាញរបស់រាជរដ្ឋាភិបាល ការវាយតម្លៃហានិភ័យលើបទដ្ឋានស្តង់ដា ការកសាងសមត្ថភាពនិងយល់ដឹង និងហត្ថាលេខាឌីជីថល
៣- ការត្រៀមមន្ត្រីចូលរួមកម្មវិធី Cyber Bootcamp របស់អូស្ត្រាលីនៅពេលស្ថានទូតកំណត់កាលបរិច្ឆេទច្បាស់លាស់
៤- ផ្សព្វផ្សាយព័ត៌មានជូនមន្ត្រីរាជការស្តីពីការប្រលងអាហារូបករណ៍ ដែលរដ្ឋាភិបាលអូស្ត្រាលីផ្តល់ជូនជារៀងរាល់ឆ្នាំ
៥- ជំរុញការភ្ជាប់ទំនាក់ទំនង រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ជាមួយសាកលវិទ្យាល័យនៅអូស្ត្រាលី ក្នុងគោលបំណង បណ្តុះបណ្តាលមន្ត្រីរាជការទាំងកម្រិតបច្ចេកទេសនិងកម្រិតនយោបាយ និងជំរុញការស្រាវជ្រាវ
៦- ស្នើសុំស្ថានទូតពិចារណាក្នុងការផ្តល់អ្នកជំនាញចំនួន២នាក់ដល់និយ័តករទូរគមនាគមន៍កម្ពុជា និង
៧-ស្នើសុំការផ្សារភ្ជាប់បណ្ណាល័យឌីជីថល(e-library) របស់អូស្ត្រាលី មកបណ្ណាល័យឌីជីថលដែលក្រសួងនឹងអភិវឌ្ឍសម្រាប់អ្នកអានទូទៅ
ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូតអូស្ត្រាលី បានស្វាគមន៍ចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី និងការដើរតួនាទីយ៉ាងសំខាន់មួយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងការរួមចំណែកដល់សេដ្ឋកិច្ចឌីជីថល។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានលើកឡើងពីកម្មវិធីភាពជាដៃគូអូស្ត្រាលី-មេគង្គ និងអាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី ដែលជួយដល់ការអភិវឌ្ឍធនធានមនុស្ស ពិសេសការបណ្តុះបណ្តាលវគ្គខ្លីៗសម្រាប់មន្ត្រីរាជការ លើវិស័យអាទិភាពមួយចំនួន រួមទាំងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានផងដែរ។ ទាក់ទងនឹងនឹងកម្មវិធី Cyber Bootcamp ស្ថានទូតមានគម្រោងនឹងរៀបចំនាខែឧសភា ឆ្នាំ២០២១ និងជូនដំណឹងពីកាលបរិច្ឆេទជាក់លាក់មកក្រសួងនាពេលខាងមុខ។ ឯកឧត្តមអគ្គរដ្ឋទូតក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសហការជាមួយរបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងមានបំណងធ្វើទស្សកិច្ចទីនោះផ្ទាល់ នៅពេលខាងមុខផងដែរ។ ពាក់ព័ន្ធនឹងការប្រឹក្សាយោបល់លើសេចក្តីព្រាងច្បាប់ និងការផ្តល់អ្នកជំនាញដល់និយ័តករទូរគមនាគមន៍កម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតបានស្វាគមន៍ចំពោះសំណើនេះ និងបានស្នើសុំការផ្តល់នូវមន្ត្រីទំនាក់ទំនងដើម្បីធ្វើការនេះលម្អិតជាមួយគ្នា។
គូភាគីយល់ឃើញថា ការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការមានសារៈសំខាន់ និងប្តេជ្ញាបន្តការធ្វើការងារជាមួយគ្នាដើម្បីជំរុញគំនិតខាងលើ ឱ្យក្លាយជាសកម្មភាពនិងសមិទ្ធផលជាក់ស្តែង។
– ថតរូបដោយ បូ ពន្លកបញ្ញា
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន