ឯកឧត្តម ជា វ៉ាន់ដេត និងឯកឧត្ដម ឃួង ស្រេង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid”

សាលារាជធានីភ្នំពេញ៖ បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid” ទូទាំងប្រទេស នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid” ជូនរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញ អាជីវករគ្រប់គ្រងផ្សារ ដើម្បីផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ តាមរយៈប្រព័ន្ធនេះ ប្រជាពលរដ្ឋអាចស្កេននៅពេលចូលទីតាំងដែលអញ្ជើញទៅដល់ ហើយអាចទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះ មានករណីឆ្លងជំងឺ។ ឯកឧត្តម លោក លោកស្រី អភិបាលខណ្ឌទាំងអស់ស្វាគមន៍ គាំទ្រ និងបេជ្ញាជំរុញអាជីវកម្មក្នុងខណ្ឌទាំងអស់ឱ្យប្រើប្រាស់ប្រព័ន្ធនេះ។ គិតត្រឹមរសៀលនេះ មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ជាដើម ចំនួនជាង ៣០០០ បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់។ ជាថ្មីម្ដងទៀត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអំពាវនាវ ដល់ម្ចាស់អាជីវកម្ម និងគ្រឹះស្ថាននានា ចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid” នេះសម្រាប់ទីតាំងរបស់ខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់​ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងកាត់​បន្ថយផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចនិងសង្គមដោយសារការរាតត្បាតនៃជំងឺនេះ ដូចបណ្ដាប្រទេសផ្សេងទៀត។ សូមសាធារណជន​ទាំងអស់ចូលរួមសហការ​ស្កេន QR Code នេះ នៅតាមទីតាំងដែល​មានដាក់ QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid” តាមរយៈ​គេហទំព័រ stopcovid.gov.kh ដោយចុចលើពាក្យ “ចាប់ផ្តើមស្កេន”។សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធទៅនឹងការប្រើប្រាស់​ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid” សូមទាក់ទងទៅកាន់​មជ្ឈមណ្ឌលទាក់ទងបឋម (Call Center) របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ តាមរយៈ លេខទូរសព្ទ 123 (ហៅចូលដោយឥត​គិតថ្លៃ)​​ ឬ 099 888 516 | 012 979 079 ឬគេហទំព័រ www.mptc.gov.kh និងទំព័រហ្វេសប៊ុក “ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ – Ministry of Post and Telecommunications”។

អត្ថបទជាប់ទាក់ទង