សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនម៉ៃក្រូសូហ្វប្រចាំតំបន់អាស៊ី
បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនម៉ៃក្រូសូហ្វប្រចាំតំបន់អាស៊ី ដែលមានលោកស្រី Cairine HASLAM នាយកផ្នែកហិរញ្ញវត្ថុ និងជាតំណាងក្រុមហ៊ុន តាមរយៈប្រព័ន្ធវីដេអូ។
អនុស្សរណៈនៃការយោគយល់នេះមានគោលបំណងលើកកម្ពស់បរិវត្តកម្មឌីជីថល (Digital Transformation) តាមរយៈកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សជំនាញ ការស្រាវជ្រាវនិងការអភិវឌ្ឍ នវានុវត្តន៍និងសហគ្រិនភាព ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងកិច្ចសហការរៀបចំគោលនយោបាយនិងផែនការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជឿជាក់ថា ការដាក់បញ្ចូលចំណេះដឹងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានចូលក្នុងកម្មវិធីសិក្សាថ្នាក់មធ្យមសិក្សាចំណេះទូទៅនិងថ្នាក់ឧត្តមសិក្សាគឺជាកត្តាសំខាន់ដើម្បីជំរុញការចាប់យកនូវបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សូមលើកទឹកចិត្តឱ្យសិស្ស-និស្សិតពិចារណាជ្រើសរើសសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ឬបើទោះជាកំពុងរៀនជំនាញផ្សេង ក៏ត្រូវមានចំណេះដឹងផ្នែកឌីជីថល និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានជាមូលដ្ឋានផងដែរ ដើម្បីត្រៀមខ្លួនចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងការមកដល់នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំផែនការមេរដ្ឋាភិបាលឌីជីថល ដើម្បីជំរុញអក្ខកម្មឌីជីថលទាំងនៅថ្នាក់មធ្យមសិក្សាចំណេះទូទៅ និងថ្នាក់ឧត្តមសិក្សា។