សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនម៉ៃក្រូសូហ្វប្រចាំតំបន់អាស៊ី

បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា នារសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង​ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់​ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនម៉ៃក្រូសូហ្វប្រចាំតំបន់អាស៊ី ដែលមានលោកស្រី Cairine HASLAM នាយកផ្នែកហិរញ្ញវត្ថុ និងជាតំណាងក្រុមហ៊ុន តាមរយៈប្រព័ន្ធវីដេអូ។

អនុស្សរណៈនៃការយោគយល់នេះមានគោលបំណងលើកកម្ពស់បរិវត្តកម្មឌីជីថល (Digital Transformation) តាមរយៈកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សជំនាញ ការស្រាវជ្រាវនិងការអភិវឌ្ឍ នវានុវត្តន៍និងសហគ្រិនភាព ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងកិច្ចសហការ​រៀបចំ​គោលនយោបាយនិងផែនការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ជឿជាក់ថា ការដាក់បញ្ចូលចំណេះដឹងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានចូលក្នុងកម្មវិធីសិក្សាថ្នាក់មធ្យមសិក្សាចំណេះ​ទូទៅនិងថ្នាក់ឧត្តមសិក្សាគឺជាកត្តាសំខាន់ដើម្បីជំរុញការចាប់យកនូវបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​សូមលើកទឹកចិត្តឱ្យសិស្ស-និស្សិតពិចារណាជ្រើសរើសសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ឬបើទោះ​ជាកំពុងរៀនជំនាញផ្សេង ក៏ត្រូវមានចំណេះដឹងផ្នែកឌីជីថល និង​បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានជាមូលដ្ឋានផងដែរ ដើម្បីត្រៀមខ្លួនចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងការមកដល់នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងសហការជាមួយក្រសួងអប់រំ  យុវជន និងកីឡា ក្នុងការរៀបចំផែនការមេ​រដ្ឋាភិបាល​ឌីជីថល ដើម្បីជំរុញអក្ខកម្មឌីជីថលទាំងនៅថ្នាក់មធ្យមសិក្សាចំណេះទូទៅ និងថ្នាក់ឧត្តមសិក្សា។

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”