ពិធីចុះអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាន និងចំណេះដឹងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍” រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងធនាគារជាតិនៃកម្ពុជា
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាននិងចំណេះដឹងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍” តាមរយៈប្រព័ន្ធវីដេអូ រវាង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ តំណាងដ៌ខ្ពង់ខ្ពស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃស្ថាប័នទាំងពីរ។
ការចុះអនុស្សរណៈយោគយល់នេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការចែករំលែកព័ត៌មាននិងចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងធនាគារជាតិនៃកម្ពុជា ឱ្យកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាព។ អនុស្សរណៈយោគយល់នេះគឺជាថ្នាលសម្រាប់ពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់មន្ត្រីពាក់ព័ន្ធរបស់ស្ថាប័នទាំងពីរ ដើម្បីអនុវត្តការងារផ្សេងៗឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងតម្រូវការនិងការរីកចម្រើននៃបច្ចេកវិទ្យា។
គូសបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កំពុងរៀបចំសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣០ ក្នុងគោលបំណងកសាងរដ្ឋាភិបាល រឹងមាំ ឆ្លាតវៃ និងស្អាតស្អំ ដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលកត្តាគន្លឹះមួយនៃភាពជោគជ័យនៃគោលនយោបាយនេះគឺស្ថិតលើកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។
អនុស្សរណៈយោគយល់នេះគឺជាសក្ខីភាពមួយនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក៏ដូចជាចូលរួមចំណែកក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងសេវាធនាគារនិងហិរញ្ញវត្ថុប្រកបដោយចីរភាព សុវត្ថិភាព ប្រសិទ្ធភាព និងបរិយាបន្ន ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា។