ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាជួបពិភាក្សាការងារ និងជម្រាបលាឯកឧត្តមរដ្ឋមន្ត្រី

នារសៀលថ្ងៃសុក្រ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា Vu Quang Minh ជួបពិភាក្សាការងារនិងជម្រាបលានៅពេលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជាតាមរយៈប្រព័ន្ធវីដេអូ ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ឯកឧត្តមឯកអគ្គរដ្ឋទូតសម្រាប់ការចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍកម្ពុជា និងចំណងមិត្តភាពនៃប្រទេសយើងទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីការងារអាទិភាពសំខាន់ៗ នៅពេលដែលឯកឧត្តមមកកាន់តំណែងជារដ្ឋមន្ត្រីនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍ ក្នុងនោះក៏មានការរៀបចំឱ្យបានរៀបរយ ដើម្បីផ្តល់នូវបរិយាកាសអំណោយផលដល់ប្រតិបត្តិករទាំងអស់ក្នុងការធ្វើអាជីវកម្មនិងផ្តល់សេវាដែលមានគុណភាព ពង្រឹងការប្រកួតប្រជែងស្មើភាពគ្នា និងការអនុវត្តនិងគោរពច្បាប់ដែលមានជាធរមានរបស់កម្ពុជា។

នៅក្នុងជំនួបពិភាក្សា ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងពីប្រតិបត្តិករទូរគមនាគមន៍វៀតណាមនៅកម្ពុជា ដែលក្រុមហ៊ុនទាំងនោះ មិនត្រឹមតែចូលរួមចំណែកដល់ការផ្តល់សេវាទូរគមនាគមន៍នៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានជួយដល់ការអភិវឌ្ឍវិស័យអប់រំ ដូចជាការជួយគាំទ្រដល់ការសិក្សាពីចម្ងាយ ដែលផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សនៅទីជនបទផងដែរ។ ជាមួយគ្នានេះ ក្នុងឱកាសខួបលើកទី៥៥នៃទំនាក់ទំនងការទូតប្រទេសយើងទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានស្នើសុំការបោះពុម្ពតែមប្រិ៍ដើម្បីអបអរសាទរចំណងមិត្តភាពកម្ពុជា-វៀតណាមផងដែរ។

អត្ថបទជាប់ទាក់ទង