ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបណ្តុះបណ្តាលស្ដីពី “ភាពជាអ្នកដឹកនាំសម័យឌីជីថលនិងការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា”

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបណ្តុះបណ្តាលស្ដីពី “ភាពជាអ្នកដឹកនាំសម័យឌីជីថលនិងការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា” ដោយមានការចូលរួមពី ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កម្មវិធីបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) សហគ្រិនខ្មែរ (Khmer Enterprise) និងមជ្ឈមណ្ឌល Stanford សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ (Stanford Center for Professional Development) ដើម្បីអភិវឌ្ឍជំនាញសំខាន់ៗស្របតាមការប្រែប្រួលនៃ បច្ចេកវិទ្យាឌីជីថល សម្រាប់មន្ត្រីរាជការនិងថ្នាក់ដឹកនាំមកពី វិស័យឯកជនចំនួន ១០០ នាក់។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត មានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងពេលវេលាដ៏សមស្របបំផុត ស្របពេលដែលរាជរដ្ឋាភិបាលទើបបានដាក់ចេញក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល។ ទន្ទឹមនឹងនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កំពុងរៀបចំគោលនយោបាយ រដ្ឋាភិបាលឌីជីថល ២០២១- ២០៣៥ ដែលនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវសម្រាប់ការផ្ដល់សាវាសាធារណ: ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ សកម្មភាពអាទិភាពមួយចំនួន ដែលនឹងត្រូវបានដាក់ចេញរួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីធ្វើឱ្យប្រសើរសេវាទូរសព្ទ និងអ៊ីនធឺណិត,  ពង្រឹងសមត្ថភាព ICT របស់យើងតាមរយៈការស្រាវជ្រាវ និងការអភិវឌ្ឍន៍, ការកសាងសមត្ថភាព ធនធានមនុស្សក្នុងស្រុក, ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ និងគោលនយោបាយក្លោដ, និងការលើកកម្ពស់ គណនេយ្យភាព និងតម្លាភាពក្នុងការផ្តល់សេវាសាធារណៈ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល។

ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថាកម្មវិធីបណ្តុះបណ្តាលនេះរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅកម្ពុជា។ ឯកឧត្តមបន្តថាកម្មវិធីសិក្សានេះរៀបចំឡើងស្របតាមបរិបទបច្ចុប្បន្ន និងស្របគ្នាជាមួយក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គម ឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥។ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ដ៏លំបាកនេះ សហគមន៍ធុរកិច្ច និងសហគ្រាសធុនតូច និងមធ្យមត្រូវតែចាប់យកភាពជាអ្នកដឹកនាំ ដើម្បីពន្លឿនឌីជីថលូបនីយកម្មក្នុង ប្រតិបត្តិការរបស់ពួកគេ។ ទន្ទឹមនឹងនេះវិស័យសាធារណៈក៏ត្រូវការផ្លាស់ប្តូរលឿនជាងមុនផងដែរ ដើម្បីចាប់យក កាលានុវត្តភាពសំដៅបង្កើនប្រសិទ្ធភាពអភិបាលកិច្ចរបស់ខ្លួនផង និងធានានូវភាពពាក់ព័ន្ធនៅក្នុងការប្រែប្រួល បរិបទសេដ្ឋកិច្ចយ៉ាងឆាប់រហ័សផង។

កម្មវិធីបណ្តុះបណ្តាលនេះ នឹងសិក្សាតាមប្រព័ន្ធអនឡាញ ដោយប្រើកម្មវិធីសិក្សារបស់ “មជ្ឈមណ្ឌល Stanford សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ” នៃសាកលវិទ្យាល័យស្ទែនហ្វដ (Stanford University) ដែលជាសាកលវិទ្យាល័យឈានមុខលំដាប់ទី២ លើសកលលោក។ អ្នកចូលរួមនឹងសិក្សាពីកត្តាគន្លឹះជំរុញការផ្លាស់ប្តូរឌីជីថល ជំនាញចាំបាច់ និងយុទ្ធសាស្ត្រដ៏មានប្រសិទ្ធិភាពសម្រាប់អនុវត្តការងារ និងគ្រប់គ្រងនៅក្នុងអង្គភាពប្រកបដោយភាពច្នៃប្រឌិត។

អត្ថបទជាប់ទាក់ទង