ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ដែលបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា តាមប្រព័ន្ធសន្និសីទវីដេអូ (Zoom)។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនគណៈកម្មការទី៩ នៃរដ្ឋសភា អំពី ភាពជោគជ័យនៃការងារកំណែទម្រង់នៅក្នុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងរយៈពេល១៥ខែ ដែលឯកឧត្តម បានកាន់តំណែងជារដ្ឋមន្ត្រី។ ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីវឌ្ឍនភាពការងារ លើការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤, គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, គោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ការងារគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យ ICT ការគ្រប់គ្រងវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ និងប្រព័ន្ធអ៊ីនធឺណិត ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជាតិ, ប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ស្តីពីប្រៃសណីយ៍ និងច្បាប់ស្តីពីទូរគមនាគមន៍, និងទិសដៅអនុវត្តបន្តរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

អត្ថបទជាប់ទាក់ទង