ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញផ្តល់បាឋកថាលើប្រធានបទស្តីពី “គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យា” ជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញផ្តល់បាឋកថា តាមប្រព័ន្ធសន្និសីទវីដេអូ (Zoom) និង Microsoft Team លើប្រធានបទស្តីពី « គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យា » ជូនដល់ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ សិស្សមន្ត្រីក្រមការជំនាន់ទី៩ កម្មសិក្សាការីឆ្នាំ២០២១ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួនប្រមាណ ១១៥៥ អង្គ/នាក់ ដែលអញ្ជើញមកពីក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

តាមរយៈមតិស្វាគមន៍របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានលើកឡើងថា ការចូលរួមចំណែករបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការផ្តល់បាឋកថានាពេលនេះ ជាសកម្មភាពដ៏ថ្លៃថ្លាដើម្បីជួយជំរុញ និងពង្រឹងដំណើរការបណ្តុះបណ្តាលនៃសាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងស្របតាមការវិវត្តថ្មីៗរបស់សង្គមផ្អែកលើគោលនយោបាយនៃការអនុវត្តធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ថ្លែងក្នុងពិធីបាឋកថានាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបង្ហាញជូនអំពីជោគជ័យនៃការងារកំណែទម្រង់ ការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យប្រៃសណីយ៍, ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្នុងរយៈពេល១៦ខែ នៃការចូលកាន់តំណែងជារដ្ឋមន្ត្រី។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍អំពីការងារបន្ថែមជាច្រើនដែលក្រសួងនឹងត្រូវធ្វើការបន្តទៀត ដូចជាការពង្រឹងគុណភាពសេវាទូរសព្ទចល័ត ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់។ ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការវិវឌ្ឍនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងការរៀបចំសេចក្ដីព្រាងគោលនយោបាយ រដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ ដែលនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវសម្រាប់ការផ្ដល់សេវាសាធារណ: ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឈឹមថាកម្មវិធីនៅថ្ងៃនេះ នឹងផ្តល់ជាពុទ្ធិដើម្បីជួយពង្រឹងសមត្ថភាព កម្មសិក្សាការី សិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ បន្ថែមលើការងារកែទម្រង់ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ផងដែរ។

អត្ថបទជាប់ទាក់ទង