ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញចុះត្រួតពិនិត្យស្ថានីយបង្គោលអង់តែនរបស់ក្រុមហ៊ុនទូរសព្ទចល័ត នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី

នៅថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំក្រុមការងាររបស់ក្រសួង និងក្រុមហ៊ុនទូរសព្ទចល័តចុះត្រួតពិនិត្យស្ថានីយបង្គោលអង់តែន រួមទាំងការប្រើប្រាស់បរិក្ខាទូរគមនាគមន៍នៅតាមស្ថានីយរបស់ក្រុមហ៊ុនទូរសព្ទចល័ត នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការសាងសង់បង្គោលអង់តែន និងការប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗបំពាក់លើបង្គោលអង់តែន ដើម្បីលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅខេត្តស្ថិតក្នុងភូមិភាគឦសាន ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទើបបានអនុម័តដាក់ឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ កន្លងមក។ ការពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅតំបន់នេះពិតជាមានការចាំបាច់ដូចគ្នានឹងតំបន់ដទៃទៀត ដែលអាចជួយជំរុញដល់ការផ្តល់សេវាទូរសព្ទ និងអ៊ីនធឺណិតបានល្អប្រសើរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដើម្បីប្រើប្រាស់តាមតម្រូវការ។កន្លងមក ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តែងណែនាំដល់ក្រុមហ៊ុនទូរសព្ទចល័តឱ្យត្រួតពិនិត្យគុណភាពសេវារបស់ខ្លួន ហើយប្រើប្រាស់បរិក្ខារទូរគមនាគមន៍ដែលមានគុណភាព ដើម្បីធ្វើយ៉ាងណាឱ្យគុណភាពសេវាទូរគមនាគមន៍កាន់តែប្រសើរនៅទូទាំងប្រទេស។

ថ្មីៗនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានដាក់ចេញនូវយន្តការសំខាន់មួយ តាមរយៈការចាត់តាំងក្រុមការងារប្រតិបត្តិតាមតំបន់ទាំង ៥ ចុះទៅគ្រប់ខេត្តទូទាំងប្រទេស ដើម្បីត្រួតពិនិត្យ វាស់ស្ទង់ ប្រមូលព័ត៌មាន ទិន្នន័យពាក់ព័ន្ធនឹងសេវា ជាអាទិ៍ ទីតាំងស្ថានីយ និងបង្គោលអង់តែនទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិច ទិន្នន័យវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័ត និងការប្រើប្រាស់ហ្រេ្វកង់ស៍វិទ្យុ ព្រមទាំងជួយពង្រឹងសមត្ថភាពមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងតំបន់របស់ខ្លួន ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

អត្ថបទជាប់ទាក់ទង