ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council)

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN) ដែលមានតំណាងមកពីស្ថានទូតសហរដ្ឋអាមេរិក Amazon, Facebook, Visa និង VMware ដឹកនាំដោយលោក Michael W. Michalak អនុប្រធានជាន់ខ្ពស់ក្រុមប្រឹក្សាធុរៈកិច្ចសហរដ្ឋអាមេរិក-អាស៊ាន និងសមាជិកក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តាមរយៈប្រព័ន្ធសន្និសីទវីដេអ (Zoom) ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងជំរុញឱ្យក្រុមហ៊ុនអាមេរិកចូលមកដាក់ទុនវិនិយោគលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅកម្ពុជា។

លោក Michael W. Michalak បានកោតសរសើរដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់កម្ពុជា និងការជំរុញការចាក់វ៉ាក់សាំងជូនសាធារណជនប្រកបដោយជោគជ័យ។ លើសពីនេះទៅទៀតលោក ក៏បានសម្តែងនូវឆន្ទៈក្នុងការសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈការផ្ដល់ធាតុចូលសម្រាប់សេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងកម្មវិធីពង្រឹងសមត្ថភាពលើចំណេះដឹងផ្នែកឌីជីថល និងសន្តិសុខតាមអ៊ីនធឺណិតសម្រាប់សាធារណជនទូទៅ និងមន្ត្រីរាជការ។នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជំហរពីការគាំទ្ររបស់ ឯកឧត្តម ចំពោះក្រុមហ៊ុនអាមេរិកដែលចាប់អារម្មណ៍ក្នុងការធ្វើអាជីវកម្មនៅកម្ពុជា ជាពិសេសលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានលើកឡើងពីវឌ្ឍនភាពរបស់ក្រសួងក្នុងរយៈពេលមួយឆ្នាំកន្លងមករួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ការអភិវឌ្ឍជំនាញឌីជីថលសម្រាប់មន្រ្តីរាជការរបស់ក្រសួង សេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល និងសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកនូវការដាក់ឱ្យដំណើរការនូវ QR Code StopCovid ប្រកបដោយជោគជ័យ ក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសង្គមនិងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងគោលដៅសម្រាប់កសាងទៅលើភាពជោគជ័យនៃការអភិវឌ្ឍអត្តសញ្ញាណឌីជីថលសម្រាប់ប្រជាពលរដ្ឋ។

អត្ថបទជាប់ទាក់ទង