កិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមកិច្ចប្រជុំពិនិត្យលើសេចក្តីពា្រងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ពាក់ព័ន្ធ។
សេចក្តីពា្រងគោលនយោបាយ មានគោលដៅកសាងរដ្ឋាភិបាលឆ្លាត ដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាឌីជីថលជាប្រព័ន្ធអេកូឡូស៊ីសម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច និងការបង្កើតបរិយាកាសអំណោយផល ក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដោយបរិយាបន្ន ដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋក្នុងការកសាងរដ្ឋាភិបាលឌីជីថលតាមរយៈការបម្រើសេវាសាធារណៈកាន់តែល្អប្រសើរ។ជាមួយគ្នានោះដែរ ការរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថល គឺជាការចាំបាច់ និងបន្ទាន់ ក្នុងការដោះស្រាយនូវបញ្ហាប្រព័ន្ធព័ត៌មានឌីជីថល ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ អភិបាលកិច្ចទិន្នន័យ និងមូលធនមនុស្ស ដើម្បីជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យសេដ្ឋកិច្ចនិងសង្គមឱ្យមានភាពស៊ីសង្វាក់គ្នា ក្នុងការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១-២០៣៥ ប្រកបដោយជោគជ័យ។