ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម BDEEN HUSAINI MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម BDEEN HUSAINI MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
ក្នុងជំនួបនោះដែរ ឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមឯកអគ្គរាជទូតនិងសហការីចូលជួបពិភាក្សាការងារជាមួយនាពេលនេះ។ ឯកអគ្គរាជទូតម៉ាឡេស៊ីក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីកិច្ចសហប្រតិបត្តិការយ៉ាងស្និទ្ធស្នាលរវាងកម្ពុជានិងម៉ាឡេស៊ីក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនៅកម្ពុជាដែលប្រទេសម៉ាឡេស៊ីក្លាយជាដៃគូវិនិយោគលំដាប់លេខពីររបស់កម្ពុជាក្នុងឆ្នាំ២០២១នេះ។
ឯកអគ្គរាជទូតម៉ាឡេស៊ីបានបន្តទៀតថាក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនមានបំណងមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីមានភាពប្រសើរឡើងវិបត្តិជំងឺកូវីដ-១៩នៅសកលលោក។ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងមានមតិស្វាគមន៍យ៉ាងកក់ក្តៅដល់ឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ីនិងសហការីចំពោះជំនួបពិភាក្សានេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា វត្តមានរបស់ក្រុមហ៊ុនម៉ាឡេស៊ីនៅកម្ពុជាដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសវិស័យទូរគមនាគមន៍នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍រាល់ការវិនិយោគរបស់ក្រុមហ៊ុនអន្តរជាតិរួមបញ្ចូលទាំងក្រុមហ៊ុនម៉ាឡេស៊ីពាក់ព័ន្ធវិស័យបច្ចេកវិទ្យាឌីជីថល និងវិស័យទូរគមនាគមន៍នៅកម្ពុជា។