ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន១១៩នាក់


រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិត នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន១១៩នាក់ នៅអគារនវានុវត្តនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ រួមជាមួយគ្រួសារ អាណាព្យាបាល ព្រមទាំងសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបង្រៀនរបស់សាស្ត្រាចារ្យ និងការខិតខំសិក្សារបស់និស្សិត ក្នុងរយៈពេល៤ឆ្នាំកន្លងមក រហូតសម្រេចលទ្ធផលដ៏គួរជាទីមោទនៈ។
បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើនិស្សិតជ័យលាភីទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីសម្របខ្លួននឹងការវិវត្តឥតឈប់ឈរនៃពិភពលោក ហើយត្រូវធ្វើខ្លួនជាយុវជនគម្រូ រស់នៅដោយមានសីលធម៌និងសុជីវធម៌ខ្ពស់ បំពេញការងារដោយមានការយកចិត្តទុកដាក់និងការទទួលខុសត្រូវ។សូមជម្រាបជូនថា យោងតាមការសិក្សារបស់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និស្សិតដែលបានបញ្ចប់ការសិក្សាមានជាង ៩៥% ទទួលបានការងារធ្វើត្រូវនឹងជំនាញរបស់ខ្លួនជាមួយក្រុមហ៊ុនល្អៗ ក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល ក៏ដូចជាធុរកិច្ចថ្មីឌីជីថល ហើយមាននិស្សិតមួយចំនួនបានទទួលអាហារូបករណ៍សិក្សាបន្តនៅបរទេសផងដែរ និងខ្លះទៀតចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ ក្នុងអំឡុងពេលសិក្សានិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល តែងតែបានចុះធ្វេីកម្មសិក្សាផ្ទាល់តាមក្រុមហ៊ុន ចូលរួមក្នុងការប្រកួតប្រជែងពានរង្វាន់ថ្នាក់ជាតិនិងអន្តរជាតិ ហើយទទួលបានជោគជ័យជាបន្តបន្ទាប់។

















