ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន ឆ្នាំ២០២១ សម្រាប់ជ័យលាភីទាំងពីររបស់កម្ពុជា
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន ឆ្នាំ២០២១ (ASEAN ICT Awards 2021) សម្រាប់ជ័យលាភីទាំងពីររបស់កម្ពុជាដែលបានប្រកាសក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន តាមប្រព័ន្ធវីដេអូ កន្លងមក រួមមានមេដាយមាស បានទៅលើក្រុមហ៊ុន PillTech Solutions Co., Ltd. (https://tovpet.com) និងមេដាយសំរិទ្ធ បានទៅលើប្រព័ន្ធ QR Code Stop Covid របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជ័យលាភី និងបេក្ខភាពដែលមកចូលរួមថ្ងៃនេះ បានចូលរួមចំណែកលើកកម្ពស់តម្លៃជាតិនៅក្នុងតំបន់លើសមត្ថភាពប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារបស់កម្ពុជា ព្រមទាំងជាគំរូសម្រាប់ ជំរុញសហគ្រិនភាពនិងនវានុវត្តន៍ឌីជីថលនៅកម្ពុជា និងក្នុងតំបន់។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យជ័យលាភី និងបេក្ខជនទាំងអស់បន្តខិតខំប្រឹងប្រែងស្រាវជ្រាវ និងពង្រីកអាជីវកម្មបន្ថែមទៀត ក៏ដូចជាចូលរួមក្នុងការចែករំលែកបទពិសោធន៍ជោគជ័យដល់អ្នកជំនាន់ក្រោយ ជាពិសេសយុវជន ដើម្បីចូលរួមជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល។
សូមជម្រាបជូនថា ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន (ASEAN ICT Awards) គឺជាគំនិតផ្តួចផ្តើមកំណត់ក្នុងផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន ឆ្នាំ២០១៥ (ASEAN ICT Masterplan 2015) និងផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥ (ASEAN Digital Masterplan 2025) ដើម្បីទទួលស្គាល់សមិទ្ធិផលលើបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដែលល្អបំផុត ក្នុងចំណោមសហគ្រិន និងស្ថាប័ននានា ក្នុងតំបន់អាស៊ាន។ ពានរង្វាន់នេះ មានគោលបំណងបង្ហាញពីភាពជោគជ័យ ភាពច្នៃប្រឌិត និងនវានុវត្តន៍ លើបច្ចេកវិទ្យាឌីជីថលរបស់តំបន់អាស៊ាន សម្រាប់លើកកម្ពស់ការទទួលស្គាល់ផលិតផលឌីជីថលអាស៊ាន ព្រមទាំងផ្តល់ឱកាស និងបណ្តាញពាណិជ្ជកម្មក្នុងតំបន់និងអន្តរជាតិ។ AICTA ផ្តល់ការទទួលស្គាល់នវានុវត្តន៍លើ ៦ ប្រភេទពានរង្វាន់៖ ១. វិស័យសាធារណៈ ២. វិស័យឯកជន ៣. ការទទួលខុសត្រូវសង្គម ៤. មាតិកាឌីជីថល ៥. ធុរកិច្ចថ្មី និង ៦. ការស្រាវជ្រាវនិងអភិវឌ្ឍ។