ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជួបពិភាក្សាការងារជាមួយសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជួបពិភាក្សាការងារជាមួយសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ដឹកនាំដោយលោក ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា។ កិច្ចប្រជុំនេះរៀបចំឡេីងក្នុងគោលបំណងស្វែងយល់ទៅលើបញ្ហាប្រឈមពាក់ព័ន្ធនឹងសេវាប្រៃសណីយ៍ដែលសមាជិកសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជាបានជួបប្រទះព្រមទាំងស្វែងរកដំណោះស្រាយ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការកែទម្រង់របស់ក្រសួងលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក៏ដូចជាការធ្វើឌីជីលនីយកម្មក្រសួង ដើម្បីធានាប្រសិទ្ធភាពការងារ តម្លាភាព សុវត្ថិភាព និងលើកកម្ពស់គុណភាពសេវា បម្រើដល់អ្នកផ្តល់ និងអ្នកប្រើប្រាស់សេវា។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីការរៀបចំគោលនយោបាយ និងច្បាប់ស្តីពីប្រៃសណីយ៍ ដើម្បីជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍ ឆ្លើយតបនឹងការវិវត្តនាពេលបច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីលទ្ធភាពក្នុងការពិភាក្សាជាមួយក្រសួងពាក់ព័ន្ធដើម្បីកែសម្រួលតម្លៃ អាជ្ញាបណ្ណក្រុមហ៊ុន លិខិតអនុញ្ញាតសម្រាប់សាខា និងវិញ្ញាបនបត្រសម្រាប់ភ្នាក់ងារ ឱ្យកាន់តែទាប និងមានសុពលភាពយូរជាងមុន ដើម្បីពង្រឹងការគ្រប់គ្រង និងពង្រីកបណ្តាញសេវាប្រៃសណីយ៍ទៅដល់គ្រប់ទីកន្លែង។

លោកប្រធានសមាគមបានសំដែងការសប្បាយរីករាយ និងគាំទ្រដល់ការកំណែទម្រង់របស់ក្រសួង ក៏ដូចជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីស្តីពីកែសម្រួលតម្លៃអាជ្ញាបណ្ណសម្រាប់ក្រុមហ៊ុន សាខា និងភ្នាក់ងារ និងការងារដែលក្រសួងកំពុងរៀបចំ ដើម្បីអភិវឌ្ឍវិស័យប្រៃសណីយ៍។

អត្ថបទជាប់ទាក់ទង