ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោង “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល ”
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅផ្សារទំនើបអូឡាំព្យាម៉ល ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោង “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល (Clinic for MSMEs Digital Acceleration for New Growth in Digital Economy)” ដែលគម្រោងនេះឧបត្ថមថវិកាដោយមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) រៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងគាំទ្រដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាង Jetro ព្រមទាំងក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា សមាគមសហគ្រិនវ័យក្មេងកម្ពុជាប្រមាណ១០០ នាក់។
ថ្លែងក្នុងពិធីសម្ពោធនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ គាំទ្រយ៉ាងខ្លាំងដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជាក្នុងការអនុវត្តគម្រោង “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល” ដើម្បីគាំទ្រការធ្វើបរិវត្តកម្មឌីជីថលរបស់ MSMEs នៅកម្ពុជា តាមរយៈការអភិវឌ្ឍជំនាញនិងចំណេះដឹងក្នុងការចាប់យកនិងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់អាជីវកម្ម ឆ្ពោះទៅរកពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលក្នុងទីផ្សារតំបន់និងពិភពលោក។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការនេះ គឺពិតជាមានសារៈសំខាន់ណាស់រវាងរដ្ឋនិងវិស័យឯកជន ហើយសមាគមសហគ្រិនវ័យក្មេងគឺជាកន្លែងដែលប្រមូលធុរជនឆ្នេីម ដែលធ្វេីការយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឈឹមជឿជាក់ថា តាមរយៈការអនុវត្តគម្រោងនេះ សហគ្រាសធុនមីក្រូ តូច និងមធ្យមនឹងបង្កើតតម្លៃបន្ថែមដែលនាំឱ្យផលិតផលនិងសេវាកម្ម របស់ពួកគេមានការរីកចម្រើន និងភាពប្រកួតប្រជែងកាន់តែប្រសើរឡើងទាំងក្នុងតំបន់និងពិភពលោក។
សូមជម្រាបជូនថា សមាគមសហគ្រិនវ័យក្មេងកម្ពុជាត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា ដែលមានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាឲ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មប្រកបដោយការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា។