ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចំនួន ១៣០នាក់

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ​ចំនួន១៣០នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ​។​

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងសិក្សា រហូតសម្រេចលទ្ធផលដ៏គួរជាទីមោទនៈ និងបានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាល ដែលបានផ្តល់ឱកាសឱ្យកូនចៅបានសិក្សារៀនសូត្ររហូតបញ្ចប់ទទួលបានជោគជ័យនៅថ្ងៃនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើនិស្សិតជ័យលាភីទាំងអស់ឱ្យបន្តអភិវឌ្ឍសមត្ថភាព ដើម្បីសម្រេចគោលដៅជីវិត ហើយពេលជួបឧបសគ្គឬបរាជ័យមួយគ្រា សូមកុំរាថយនិងកុំអស់សង្ឃឹម ព្រោះពេលខ្លះបរាជ័យឬឧបសគ្គ ជាពេលវេលាឱ្យយើងបានរៀនសូត្រជាបទពិសោធ ហើយក៏អាចបើកឱកាសថ្មីៗឱ្យយើងផងដែរ។ បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានសក្ដានុពលអភិវឌ្ឍន៍ដ៏មហាសាល ហើយនិស្សិតជ័យលាភីថ្ងៃនេះក៏ជាចំណែកមួយនៃការប្រែក្លាយសក្ដានុពលទាំងនោះឱ្យទៅជាការអភិវឌ្ឍពិតប្រាកដ និងជាពេលដែលនិស្សិតជ័យលាភីទាំងអស់យកពុទ្ធិដែលទទួលបានពីការសិក្សាទៅអនុវត្តឱ្យកើតជាឧត្ដមប្រយោជន៍ និងនាំយកកិត្តិយសជូនគ្រួសារ គ្រឹះស្ថានសិក្សា និងប្រជាជាតិទាំងមូល។

អត្ថបទជាប់ទាក់ទង