ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភីសរសេរសំបុត្រថ្នាក់ជាតិ ឆ្នាំ២០២២

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភីសរសេរសំបុត្រថ្នាក់ជាតិ ឆ្នាំ២០២២ លើប្រធានបទ “សរសេរសំបុត្រទៅអ្នកដែលមានឥទ្ធិពល ស្តីពីមូលហេតុ និងរបៀបក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ Write a Letter to an Influential Person about Why and How to Take Action on Climate Change” ។ ការប្រកួតប្រជែងនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើការស្រាវជ្រាវ ការសរសេរ ការវិភាគ ការគិតគូរពិចារណាលើបញ្ហា និងស្វែងរកដំណោះស្រាយ ព្រមទាំងអាចស្វែងយល់ពីការប្រើប្រាស់សេវាបញ្ញើប្រៃសណីយ៍ និងបញ្ញើឆាប់រហ័ស។

ក្រោយពីពិនិត្យ វាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេររបស់បេក្ខជនសរុប ៦៣រូប ដែលបានផ្ញើមកតាមរយៈសេវាប្រៃសណីយ៍រួចមក គណៈកម្មការបានសម្រេចជ្រើសរើសសំណេរមានខ្លឹមសារល្អជាងគេនិងសម្ភាសន៍ផ្ទាល់អំពីអត្ថន័យនៃសំបុត្ររបស់បេក្ខជន គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនជ័យលាភីចំនួន៣រូប។

សម្រាប់បេក្ខជនជ័យលាភីលេខ១ ត្រូវជ្រើសរើសបន្តឱ្យចូលរួមជាតំណាងរបស់កម្ពុជា នៅក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union) ដែលមានការចូលរួមប្រកួតប្រជែងពីបណ្តាប្រទេស១៩២ នៅលើពិភពលោក។ ហើយលទ្ធផលនៃការប្រកួតនឹងត្រូវប្រកាសនៅក្នុងអំឡុងទិវាប្រៃសណីយ៍ពិភពលលោក(World Post Day)នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ខាងមុខ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសើរចំពោះសិស្សជ័យលាភី ព្រមទាំងបានប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សជ័យលាភីចំនួន ៣រូប រួមមាន៖

– ជ័យលាភីលេខ១ កុមារា សេង អេរិច មកពីសាលារៀនអន្តរជាតិវើលដ៏កម្ពុជា ទទួលបាន មេដាយចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូប១ ថវិកាចំនួន២លានរៀល

– ជ័យលាភីលេខ២ កុមារី មេង សេនដូណា មកពីសាលារៀនអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទទួលបាន មេដាយចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូប១ ថវិកាចំនួន១លានរៀល

– ជ័យលាភីលេខ៣ កុមារី សាន មុន្នីរ័ត្ន មកពីវិទ្យាល័យហ៊ុនសែនកំពង់ចាម ទទួលបាន មេដាយចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូប១ ថវិកាចំនួន១លានរៀល។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឧបត្ថម្ភសាលាទាំង៣ ដែលបានចូលរួម ក្នុង១សាលាទទួលបានទឹកប្រាក់ ១លានរៀលផងដែរ។

អត្ថបទជាប់ទាក់ទង