ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការជំរុញការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ»

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការជំរុញការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ» ដោយមានការអញ្ជើញចូលរួមពីលោក Benjamin Wildfire តំណាងអង្គការយូនីសេហ្វ ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនបច្ចេកវិទ្យា ប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុក អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល អ្នកអនុវត្តច្បាប់សរុបប្រមាណ ១៥០នាក់ ។

សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សហការជាមួយអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងសំខាន់បីគឺ៖

(១)រៀបចំ និងដាក់ចេញនូវសេចក្តីណែនាំដល់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក ស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញស្របតាមស្តង់ដារអន្តរជាតិដោយមានការគិតគូរអំពីសិទ្ធិសេរីភាពរបស់កុមារក្នុងការប្រើប្រាស់អ៊ីនធឺណិត ស្របពេលជាមួយនឹងការដាក់ចេញនូវវិធីសាស្រ្តការពារហានិភ័យដែលមានលើបណ្តាញអ៊ីនធឺណិតចំពោះពួកគេ។

(២)លើកកម្ពស់ការចូលរួមយ៉ាងសកម្មពីវិស័យបច្ចេកវិទ្យាព័ត៌មានគមនាគមន៍និងព័ត៌មាន និងវិស័យឯកជន ក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ច និងអំពើរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ តាមរយៈការរៀបចំការបណ្តុះបណ្តាលដល់ក្រុមហ៊ុនបច្ចេកវិទ្យាលើកិច្ចការពារកុមារ វិធីសាស្រ្តរាយការណ៍ពីករណីគ្រោះថ្នាក់ដែលបានកើតឡើង និងការអនុម័តគោលនយោបាយស្តីពីកិច្ច ការពារកុមារសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា។

(៣)ត្រៀមរៀបចំវេទិកាបច្ចេកវិទ្យាអាស៊ាន ស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញដែលនឹងពិភាក្សាបន្ថែមទៀតពីបញ្ហាប្រឈម និងឧត្តមានុវត្តន៍ក្នុងថ្នាក់តំបន់លើបញ្ហានេះ។

អត្ថបទជាប់ទាក់ទង