ឯកឧត្តមអនុរដ្ឋលេខាធិការ អេ សុភា បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការផ្ទៀងផ្ទាត់លទ្ធផល និងផ្តល់យោបល់លើសេចក្តីព្រាងក្របខណ្ឌសមត្ថភាពអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលថ្នាក់ជាតិ»

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារសាន់វ៉េភ្នំពេញ ឯកឧត្តម អេ សុភា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការផ្ទៀងផ្ទាត់លទ្ធផល និងផ្តល់យោបល់លើសេចក្តីព្រាងក្របខណ្ឌសមត្ថភាពអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលថ្នាក់ជាតិ» ដោយមានការចូលរួមពីលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា និង លោកស្រី Camilla Ottosson អគ្គទីប្រឹក្សានិងប្រធានស្ថានទូតស៊ុយអែតការិយាល័យប្រចាំនៅទីក្រុងភ្នំពេញ និងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានអប់រំ អង្គការក្រៅរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ ប្រតិបត្តិករទូរគមនាគមន៍ និងធុរកិច្ចថ្មីឌីជីថលក្នុងប្រទេស សរុបប្រមាណ ៤១នាក់ ដែលត្រូវបានកំណត់ជាតួអង្គពាក់ព័ន្ធសំខាន់ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថលនៅប្រទេសកម្ពុជា។

សិក្ខាសាលានេះរៀបចំឡើងរយៈពេលពីរថ្ងៃគឺ ចាប់ពីថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០២២ ដោយមានការសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណង (១).កំណត់និយមន័យ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលថ្នាក់ជាតិ(MIDL) ក្នុងបរិបទសង្គមកម្ពុជា ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងពលរដ្ឋឌីជីថល (២).កំណត់ប្រព័ន្ធអេកូឡូស៊ីនៃ MIDL នៅកម្ពុជា (៣).ធ្វើបទបង្ហាញ ពិនិត្យ និងធ្វើការផ្ទៀងផ្ទាត់លទ្ធផលលើសេចក្តីព្រាងក្របខណ្ឌសមត្ថភាព MIDL និងចំណុចអាទិភាព (៤).កំណត់ភាគីពាក់ព័ន្ធនឹង MIDL និងអ្នកចូលរួមអនុវត្តក្របខណ្ឌដែលមានភារកិច្ចលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល និង(៥).លើកឡើងនិងកំណត់មធ្យោបាយផ្សេងៗដែលរដ្ឋាភិបាល និងភាគីពាក់ព័ន្ធអាចយកក្របខណ្ឌនេះទៅអនុវត្តបាន។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ពលរដ្ឋឌីជីថល គឺសំដៅដល់ការចាប់យកការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការងារ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ដូចនេះដើម្បីប្រែក្លាយប្រជាជនកម្ពុជាឱ្យទៅជាពលរដ្ឋឌីជីថលគឺចាំបាច់ត្រូវកសាងសង្គមមួយដែលមានអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល។ ឯកឧត្តម បានបន្តទៀតថា គោលដៅសំខាន់មួយក្នុងការសម្រេចនូវគោលដៅនេះ គឺការរៀបចំតាក់តែង និងអនុវត្តក្របខណ្ឌនិងយុទ្ធសាស្ត្រសមត្ថភាពអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលថ្នាក់ជាតិ (MIDL) ដែលជាស្នូលនៃក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសក្តានុពលរបស់កម្ពុជាក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើកមួយ។

អត្ថបទជាប់ទាក់ទង