កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើសេចក្តីព្រាង គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០

រាជធានីភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមកិច្ចប្រជុំជាមួយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើសេចក្តីព្រាង គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងពាណិជ្ជកម្ម ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួង-ស្ថាប័នពាក់ព័ន្ធដ៏ទៃទៀត នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ក្នុងគោលដៅធ្វើឱ្យវិស័យប្រៃសណីយ៍ សម្រេចបាននូវសក្តានុពលពេញលេញជាវិស័យចូលរួមចំណែកគាំទ្រពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ការរៀបចំ គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ គឺជាកិច្ចការចាំបាច់ ដែលនឹងដើរតួនាទីជាប្រទីបនាំផ្លូវឆ្ពោះទៅរកការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈម ក៏ដូចជា ការចាប់យកប្រយោជន៍ឱ្យបានជាអតិបរមាពីកាលានុវត្តភាព និងកត្តាអំណោយផល ដែលបាន និងកំពុងលេចឡើងពីនិន្នាការបច្ចុប្បន្ន ដូចជា ការរីកចម្រើននៃសង្គម-សេដ្ឋកិច្ច ការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិត និងសេវាហិរញ្ញវត្ថុតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងវឌ្ឍនភាពនៃវិស័យផ្សេងទៀត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដតភ្ជាប់ក្នុងប្រទេស ។

ជាមួយគ្នានោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានរៀបចំ «សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០» ដ៏មានសារៈសំខាន់នេះឡើង និងក៏ដូចជាចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា និងផ្តល់ធាតុចូល ដើម្បីកែលម្អសេចក្តីព្រាងគោលនយោបាយនេះ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយបន្ថែមទៀត និងបានស្នើឱ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីអាចបញ្ចប់ការរៀបចំកិច្ចការដ៏មានសារៈសំខាន់នេះ ឱ្យបានឆាប់រហ័ស។

អត្ថបទជាប់ទាក់ទង