ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយប្រតិបត្តិករទូរគមនាគមន៍ ចំនួន ៤៥ ក្រុមហ៊ុន ដើម្បីពង្រឹងការអនុវត្តសេចក្ដីជូនដំណឹងលេខ ១៥៣៧ បទ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២
រាជធានីភ្នំពេញ៖ នាថ្ងៃទី១៤-១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដោយបែងចែកជា៤ក្រុម ជាមួយប្រតិបត្តិករទូរគមនាគមន៍ចំនួន ៤៥ ក្រុមហ៊ុន ដើម្បីពង្រឹងវិធានការដោះស្រាយបញ្ហាសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត ស្របតាមសេចក្ដីជូនដំណឹងលេខ ១៥៣៧ បទ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ សំដៅការពារផលប្រយោជន៍និងសិទ្ធិរបស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាប្រកបដោយគុណភាពនិងតម្លៃសមរម្យ។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ អំពីបញ្ហាទូរសព្ទចល័ត បញ្ហាសេវាអ៊ីនធឺណិត និងវិធានការដោះស្រាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងបានទទួលយកសំណូមពរ ក៏ដូចជាបញ្ហាប្រឈមរបស់ក្រុមហ៊ុនដែលបានជួបប្រទះ។ ឯកឧត្តមរដ្ឋមន្ត្រី ប្តេជ្ញាបន្តលុបបំបាត់រាល់បាតុភាពអសកម្មនិងអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍ ដោយអនុវត្តតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធ្វើឱ្យសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិតបានល្អប្រសើរឡើង។