ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបសវនាការជាមួយគណៈកម្មការទី៩ ព្រឹទ្ធសភា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជំនួបសវនាការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃគណៈកម្មការទី៩ ព្រឹទ្ធសភា ក្នុងគោលបំណងដើម្បីឈ្វេងយល់និងពិភាក្សាអំពីការវិវឌ្ឍ បញ្ហាប្រឈមជាទូទៅរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូព្រឺទ្ធសភាអំពីវឌ្ឍនភាពការងាររបស់ក្រសួង ការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យរបស់ក្រសួង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ការលើកកម្ពស់គុណភាពសេវា ការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីការកែទម្រង់របស់ក្រសួងលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក៏ដូចជាការធ្វើឌីជីថលនីយកម្មក្រសួង ដើម្បីធានាប្រសិទ្ធភាពការងារ តម្លាភាព សុវត្ថិភាព និងលើកកម្ពស់គុណភាពសេវា បម្រើដល់អ្នកផ្តល់ និងអ្នកប្រើប្រាស់សេវា។

ក្រោយពី ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈកម្មការរួចហើយ ឯកឧត្តមប្រធានគណៈកម្មការ បានសម្តែងនូវការកោតសរសើរ និងមានមោទនភាព លើការងារដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រេចបានកន្លងមកនេះ ក៏ដូចជាចក្ខុវិស័យដ៏វែងឆ្ងាយក្នុងការអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកចម្រើន។ បន្ទាប់ពីជំនួបសវនាការចប់ គណៈប្រតិភូ គណៈកម្មការទី៩ បានទៅទស្សនកិច្ចមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខ (S.O.C)ដើម្បីស្វែងយល់ អំពីមជ្ឈមណ្ឌលទិន្នន័យ សេវាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នឹងសេវាហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការប្រព័ន្ធឌីជីថលរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ។

អត្ថបទជាប់ទាក់ទង