ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍” រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍” ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការអញ្ជើញចូលរួមពីឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអង្គភាពសារព័ត៌មានជាច្រើនផងដែរ។

សន្និសីទសារព័ត៌មានរៀបចំឡើងក្នុងគោលបំណង ពន្យល់ ផ្សព្វផ្សាយដល់សាធារណជនឱ្យបានជ្រាបច្បាស់អំពី ការខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលសម្រេចបានសមិទ្ធផលជាវិជ្ជមាន និងផលប្រយោជន៍សំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់ ដែលប្រជាពលរដ្ឋទទួលបានក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបង្ហាញជូនដល់សាធារណជនអំពីវឌ្ឍនភាពការងាររបស់ក្រសួង និងចំណុចសំខាន់ៗ ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រេចបានរួមមានកំណែទម្រង់ផ្ទៃក្នុងក្រសួង ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងការងារសង្គម។

លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងសាធារណជន សហការចូលរួមជាមួយក្រសួង ដើម្បីឱ្យវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ទទួលបានជោគជ័យបន្ថែមទៀត។

អត្ថបទជាប់ទាក់ទង