ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ជប៉ុន សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា (JDS) និងនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលកូរ៉េ សរុបចំនួន២៨រូប

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ជប៉ុន សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា (JDS) ចំនួន២៤រូប និងនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលកូរ៉េ ចំនួន៤រូប សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដើម្បីផ្តល់អនុសាសន៍ណែនាំដល់និស្សិត មុននឹងចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន និងប្រទេសកូរ៉េ នាពេលខាងមុខនេះ។

ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភី ដែលទទួលបានអាហារូបករណ៍ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសជប៉ុន និងប្រទេសកូរ៉េ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់និស្សិតជ័យលាភីទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើនដេីម្បីក្លាយជាធនធានមនុស្សឆ្នេីម ដើម្បីទទួលបានភាពជោគជ័យក្នុងការសិក្សានៅបរទេស។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួង និងចំណុចសំខាន់ៗ ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រេចបានរួមមានកំណែទម្រង់ផ្ទៃក្នុងក្រសួង ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរឱ្យនិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការបន្តសិក្សា និងមានសង្ឃឹមជឿជាក់ថា ការសិក្សារបស់ក្រុមនិស្សិត ពិតជាទទួលបានជោគជ័យ ដើម្បីយកចំណេះវិជ្ជាវិលត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ។

កម្មវិធីអាហារូបករណ៍ជប៉ុន ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា (JDS) ត្រូវបានផ្តល់មកកាន់ប្រទេសកម្ពុជាក្នុងគោលដៅពង្រឹងនិងពង្រីកចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន និងសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសសម្រាប់មន្ត្រីរាជការនៅក្មេង ដែលមានសមត្ថភាព និងសក្តានុពលខ្ពស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យបានប្រសើរនៅពេលខាងមុខ។ ចំណែកឯ កម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលកូរ៉េ ត្រូវបានផ្តល់មកកាន់ប្រទេសកម្ពុជាក្នុងគោលដៅអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យបច្ចេកវិទ្យានិងនវានុវត្តន៍ ដើម្បីផ្តល់ឱ្យយុវជនអាចទទួលការសិក្សាជំនាញថ្មីៗ ទៅលើការកែច្នៃបច្ចេកវិទ្យា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។

អត្ថបទជាប់ទាក់ទង