សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចឌីជីថល និងកម្មវិធីបណ្តាញនវានុវត្តន៍ឌីជីថលនៃក្រុមប្រទេស G20នៅប្រទេសឥណ្ឌូនេស៊ី

កាលពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថលនៃក្រុមប្រទេស G20 ក្នុងនាមកម្ពុជាជាប្រធានប្តូរវេនអាស៊ាន និងកម្មវិធីបណ្តាញនវានុវត្តន៍ឌីជីថលនៃក្រុមប្រទេស G20 ព្រមទាំងកម្មវិធីពាក់ព័ន្ធនានា នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថលនៃក្រុមប្រទេស G20 ឆ្នាំនេះ បានពិភាក្សាលើប្រធានបទចំនួន ៣ រួមមាន ១) ការតភ្ជាប់ឌីជីថលនិងការស្តារឡើងវិញពីវិបត្តិកូវីដ-១៩ ២) ជំនាញនិងអក្ខរកម្មឌីជីថល និង ៣) រំហូរទិន្នន័យឆ្លងកាត់ព្រំដែន ដែលជាប្រធានបទស្របនឹងកាលៈទេសៈ និងមានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនឹងការស្តារឡើងវិញពីវិបត្តិកូវីដ-១៩ ក្នុងពិភពលោកតាមរយៈបរិវត្តកម្មឌីជីថល។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Johnny G. Plates រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឥណ្ឌូនេស៊ី ដែលបានចែករំលែកពីវឌ្ឍនភាពការងាររបស់ក្រុមការងារសេដ្ឋកិច្ចឌីជីថល (DEWG) ក៏ដូចជាសារៈសំខាន់នៃភាពធន់លើការតភ្ជាប់ ដែលមានគ្រប់ទីកន្លែង តម្លៃសមរម្យ កម្មញ្ញភាព ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដោយការទទួលខុសត្រូវនិងចំទិសដៅ ដើម្បីគាំទ្រដល់ការប្រើប្រាស់សេវាសាធារណៈឌីជីថលប្រកបដោយបុរេសកម្ម យកអ្នកប្រើប្រាស់ជាធំ មានសន្តិសុខនិងសុវត្ថិភាព និងងាយស្រួលប្រើប្រាស់។ កិច្ចប្រជុំក៏បានគាំទ្រដល់គំនិតផ្តួចផ្តើមស្តីពីភូមិឆ្លាតរបស់សហភាពទូរគមនាគមន៍អន្តរជាតិ ដែលជាគំរូមួយសម្រាប់ការតភ្ជាប់ឌីជីថលនៅតំបន់ជនបទក្នុងប្រទេសកម្ពុជា និងបានពិភាក្សាលើរំហូរទិន្នន័យឆ្លងកាត់ព្រំដែន ដែលទាមទារនូវកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ការធ្វើសុខដុមនីយកម្មរវាងបទដ្ឋានគតិយុត្តសម្រាប់ប្រទេសនីមួយៗ និងការគិតគូរលើទំនុកចិត្ត ក៏ដូចជាការការពារសន្តិសុខទិន្នន័យ និងទិន្នន័យបុគ្គល។ ខ្លឹមសារនៃកិច្ចពិភាក្សាស្របតាមផែនការយុទ្ធសាស្ត្រដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានគិតគូនិងរៀបចំអនុវត្ត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីនិងគណៈប្រតិភូ បានជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាអគ្គលេខាធិការ UNESCAP អំពីកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស និងភាពជាអ្នកដឹកនាំឌីជីថលសម្រាប់ការកសាងរដ្ឋាភិបាលឌីជីថល។ បន្ទាប់មកបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម TSUGE Yoshifumi អនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងគមនាគមន៍ជប៉ុន អំពីការគាំទ្ររបស់កម្ពុជាចំពោះជប៉ុនក្នុងសហភាពទូរគមនាគមន៍អន្តរជាតិ ក៏ដូចជា កិច្ចសហប្រតិបត្តិការលើវិស័យឌីជីថលរវាងអាស៊ាននិងជប៉ុន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីនិងគណៈប្រតិភូ ក៏បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Josephine Teo រដ្ឋមន្រ្តីក្រសួងគមនាគមន៍និងព័ត៌មានសិង្ហបុរី អំពីកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខសាយប័រ ការចែករំលែកព័ត៌មាន និងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។

ជាលទ្ធផលអំឡុងពេលនៃការចូលរួមកម្មវិធីនេះ គណៈប្រតិភូកម្ពុជាបានទទួលលទ្ធផលជាវិជ្ជមាន ដែលផ្តល់ឱកាសដល់កម្ពុជាក្នុងការរៀនសូត្រ ផ្លាស់ប្តូរបទពិសោធ និងស្វែងរកការគាំទ្រលើការងារបរិវត្តកម្មឌីជីថល ស្របគ្នាទៅនឹងការដាក់ចេញនូវយុទ្ធសាស្ត្រស្តារឡើងវិញពីវិបត្តិកូវីដ-១៩ ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល តាមរយៈក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១- ២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។

អត្ថបទជាប់ទាក់ទង