ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាប្រៃសណីយ៍លើកទី១ និងពិព័រណ៍សេវាប្រៃសណីយ៍ និងពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក

រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងវេទិកាប្រៃសណីយ៍លើកទី១ និងពិព័រណ៍សេវាប្រៃសណីយ៍ និងពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម Lin Hongliang អគ្គលេខាធិការសហភាពប្រៃសណីយ៍សកល (APPU) ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍គ្រប់ខេត្ត អង្គការជាតិនិងអន្តរជាតិ និងក្រុមហ៊ុនប្រតិបត្តិករប្រៃសណីយ៍ឯកជនចំនួនប្រមាណ៦៣ ក្រុមហ៊ុន និងសាធារណជនយ៉ាងច្រេីន។

នៅក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ ម៉ម អំណត់ បានមានប្រសាសន៍ថា វេទិកាប្រៃសណីយ៍លើកទី១ រៀបចំឡើងក្នុងគោលបំណងបង្ហាញខ្លឹមសារនៃគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍២០២២-២០៣០ និងបង្កលក្ខណៈដល់ការពិភាក្សាផ្លាស់ប្ដូរយោបល់ក្នុងចំណោមក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ប្រតិបត្តិករប្រៃសណីយ៍ អង្គការអន្តរជាតិ ស្ថាប័នស្រាវជ្រាវ និង ភាគគីពាក់ព័ន្ធផ្សេងទៀតក្នុងវិស័យប្រៃសណីយ៍ ដើម្បីរិះរកមធ្យោបាយ ជំរុញការអនុវត្តគោលនយោបាយឱ្យសម្រេចបានតាមចក្ខុវិស័យ គោលបំណង និងគោលដៅ តាមការកំណត់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី បានអានសាររបស់អគ្គនាយកសហភាពប្រៃសណីយ៍សកល (UPU) ដេីម្បីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក របស់សហភាពប្រៃសណីយ៍សកល ក្រោមប្រធានបទ “ប្រៃសណីយ៍សម្រាប់ភពផែនដី”។

ថ្លែងនៅក្នុងវេទិកានាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា វិស័យប្រៃសណីយ៍ ត្រូវបានចាត់ទុកថាមានសក្តានុពលក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើន សេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅកម្ពុជាដោយបានផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃ ទាំងនៅទីក្រុង និងជនបទ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា វេទិកានាថ្ងៃនេះ ជាឱកាសដែលភាគីពាក់ព័ន្ធបានយល់ច្បាស់ពីខ្លឹមសារនៃគោលនយោបាយ និងផ្លាស់ប្តូរគំនិតយោបល់ជំរុញកិច្ចសហការអនុវត្ត ឱ្យបានពេញទំហឹង សំដៅដោះស្រាយបញ្ហាប្រឈមនានា អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ពិសេសធ្វើបរិវត្តកម្មឌីជីថលលើប្រព័ន្ធអេកូឡូហ្ស៊ីប្រៃសណីយ៍ក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការអនុវត្តគោលនយោបាយបាន ជោគជ័យ គឺពិតជានឹងជួយឱ្យសម្រេចបាននូវការលើកកម្ពស់ការផ្តល់សេវាប្រៃសណីយ៍ប្រកបដោយនិរន្តរភាព មានគុណភាព និងមានវិសាលភាពគ្របដណ្តប់ទូលំទូលាយក្នុងប្រព័ន្ធជាតិដែលមានភាពប្រទាក់ក្រឡាគ្នា ដើម្បីរួមចំណែកបម្រើ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនព្រមទាំងធ្វើឱ្យវិស័យប្រៃសណីយ៍សម្រេចបាននូវសក្តានុពលពេញលេញជាវិស័យរួមចំណែកគាំទ្រពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញនិងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តនូវកិច្ចការចាំបាច់នានា សំដៅអភិវឌ្ឍវិស័យប្រៃសណីយ៍ស្របតាមគោលនយោបាយដូចខាងក្រោម៖

– ចូលរួមរៀបចំផែនការសកម្មភាពលម្អិតឱ្យបានចប់សព្វគ្រប់ សម្រាប់អនុវត្តជាក់ស្តែងក្នុងរយៈពេលពី ឆ្នាំ២០២២ ដល់ឆ្នាំ២០៣០ យោងតាមតារាងសកម្មភាពអាទិភាពដែលមានបង្ហាញក្នុងឧបសម្ព័ន្ធនៃគោលយោបាយ។

– សហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវបណ្តាសកម្មភាពក្រោមយុទ្ធសាស្រ្តនីមួយៗ ក្រោមការសម្របសម្រួលរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង ពី ឆ្នាំ២០២២ ដល់ឆ្នាំ២០៣០។

– អនុវត្តឱ្យបានម៉ឺងម៉ាត់ស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ គុណភាពសេវាប្រៃសណីយ៍ និងការពារអ្នកប្រើប្រាស់ ក៏ដូចជាការគ្រប់គ្រងការអភិវឌ្ឍវិស័យប្រៃសណីយ៍ទាំងមូល។

– ធ្វើបរិវត្តកម្មឌីជីថលក្នុងខ្សែច្រវាក់ផលិតកម្ម និងការផ្តល់សេវាប្រៃសណីយ៍ និងជំរុញការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យប្រៃសណីយ៍។

– ចាប់យកកាលានុវត្តភាពនៃការរីកចម្រើនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទាំងក្នុងស្រុកនិង ឆ្លងកាត់ព្រំដែន ដោយផ្តោតលើការលើកកម្ពស់គុណភាព និងភាពជឿទុកចិត្តនៃការផ្តល់សេវាបញ្ញើប្រៃសណីយ៍។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការផ្តល់សេវាបញ្ញើប្រៃសណីយ៍ គឺជាកម្លាំងដែលជំរុញគ្នាទៅវិញទៅមក។

– តាមដានសេចក្តីសម្រេច និងយុទ្ធសាស្រ្តថ្មីៗ របស់សហភាពប្រៃសណីយ៍សកល ដើម្បីរៀបចំការ អនុវត្តស្របទៅតាមបរិបទនៃការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក្បួនដង្ហែយានយន្តរបស់ប្រតិបត្តិករប្រៃសណីយ៍ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី និយោជក និងនិយោជិត នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រៃសណីយ៍កម្ពុជា ក្រុមហ៊ុនបម្រើសេវាបញ្ញើឆាប់រហ័ស ក្រុមហ៊ុនដឹកបញ្ញើគោលដៅចុងក្រោយ ដើម្បីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោកផងដែរ។

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”